(ភ្នំពេញ)៖ លោក ឡោ ជីកង ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូទ័របន្ថយល្បឿន ពីញ៉ុងច្រវ៉ាក់គ្រប់ភេទ និងបរិក្ខាចំហាយ មានស្លាកយីហោឈ្មោះ ‌‌‌‍‍«ថុង លី» និង ‌‍‍‍‍«ថុង ផាត» មានទី តាំងស្ថិតនៅផ្ទះលេខ២០៦៦ ផ្លូវលេខ៦៨ និងផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានទទួលរងនូវការចោទប្រកាន់ធ្ងន់ៗថា បានធ្វើការសាងសង់ ជួសជុលផ្ទះរបស់ខ្លួន រំលោភលើបំពង់ប្រព័ន្ធលូ សាធារណៈរបស់រដ្ឋ, រំលោភលើដីជញ្ជាំងផ្ទះអ្នកក្បែរជិតខាង ចំនួន២ម៉ែត្រ និងរហូតឈានដល់ការប្រើអំពើហិង្សា បណ្ដាលឲ្យគេរងរបួស ដោយអួតអាងថា មានខ្សែពួរធំៗនៅពីក្រោយ។

ការចោទប្រកាន់ទៅលើលោក ឡោ ជីកង បានផ្ទុះ និងបែកធ្លាយឡើង បន្ទាប់ពីស្ត្រីវ័យ៧០ឆ្នាំម្នាក់ឈ្មោះ សេង គីមមួយ និងកូនក្មួយ មានមុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ២២៩០ ផ្លូវលេខ៩៣ ក្រុម១៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានសម្រេចចិត្តរត់រកក្រុមអ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយឮដល់លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មេត្តាជួយផ្ដល់កិច្ចអន្តរាគមន៍ ដោះស្រាយរឿងពាក្យបណ្ដឹងព្រហ្មទណ្ឌចំនួន២។ ពាក្យបណ្តឹងទី១ បានដាក់ទៅសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែទី១ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ក្នុងករណីជេរប្រមាថ ប្រើអំពើរហិង្សា និងពាក្យបណ្តឹង១ទៀត ដាក់ទៅការិយាល័យអន្តរវិស័យ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងករណីរំលោភលើដីជញ្ជាំងផ្ទះអ្នកក្បែរជិតខាង ជាពិសេសរំលោភលើបំពង់ប្រព័ន្ធលូ បង្ហូរទឹកសាធារណៈរបស់រដ្ឋ រហូតមកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នូវពុំទាន់មានចំណាត់ការនូវឡើយទេ។

ស្ត្រីវ័យ៧០ឆ្នាំឈ្មោះ សេង គីមមួយ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនឈានដល់ការដាក់ពាក្យបណ្ដឹងប្ដឹងលោក ឡោ ជីកង ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូទ័របន្ថយល្បឿន ពីញ៉ុងច្រវ៉ាក់ គ្រប់ភេទ និងបរិក្ខាចំហាយ មានស្លាកយីហោឈ្មោះ «ថុង លី» និង «ថុង ផាត» ដែលជាអ្នកក្បែរខាង ដោយសារតែកាលពីអំឡុងដើមឆ្នាំ២០១៧ ឆ្លៀតពេលគាត់រវល់ទៅតាមបណ្ដាខេត្ត មួយរយៈ លោក ឡោ ជីកង បានធ្វើការសាងសង់ជួសជុលផ្ទះរបស់ខ្លួន លួចរំលោភលើបំពង់ប្រព័ន្ធលូសាធារណៈរបស់រដ្ឋ ជាពិសេសរំលោភលើជញ្ជាំងផ្ទះ របស់គាត់កំពុងរស់នៅដល់ ទៅ២ម៉ែត្រ ដោយពុំមានការចរចារ ឬព្រមព្រៀងឯកភាពជាលិខិតណាមួយ ក្នុងនាមជាអ្នកជិតខាង ជាប់ជញ្ជាំងរបងផ្ទះតែមួយនោះឡើយ ដោយអាងមានខ្សែពួរធំៗ ធ្វើអ្វីតាមតែទំនើងចិត្ត។

ស្ត្រីវ័យ៧០ឆ្នាំបន្តថា ដោយសារតែរវល់ចុះតាមខេត្តច្រើន លុះក្រោយមកនៅចុងឆ្នាំ២០១៧ ពេលដែលលោកស្រីមិននៅ លោក ឡោ ជីកង ហេតុតែមានចេតនាចង់បង្កើតរឿង និងអួតអាង មានខ្សែធំៗផងនោះ បានហៅរថយន្ដក្រឡុកដឹកស៊ីម៉ង់ត៌ ចំនួន៣គ្រឿង មកចាក់លុបបំបាត់បំពង់ប្រព័ន្ធលូបង្ហូរទឹក ដែលគាត់ប្រើប្រាស់ បណ្ដាលឲ្យមានការ កកស្ទះទឹក ហូរមិនរួច ទើបគាត់សម្រេចចិត្តហៅជាង ក៏ដូចជា អ្នកជុំនាញស្ដារកាយលូមកធ្វើ អស់ទឹកប្រាក់មួយចំនួន ហើយពេលដែលគាត់ ជាមួយកូនក្មួយ អូសសម្ភារអីវ៉ាន់ ដើរឆ្លងកាត់ខាងមុខផ្ទះ ត្រូវបានអ្នកយាមផ្ទះ ឬក្រុមគ្រួសារលោក ឡោ ជីកង តែងតែជេរប្រមាថឌៀមដាម រហូតមកដល់ថ្ងៃសៅរ៍ទី៣ ខែមិនា ឆ្នាំ២០១៨ ថ្មីៗនេះ ក្រុមគ្រួសារលោក ឡោ ជីកង ក្រៅពីជេរ ប្រមាថ បានប្រើអំពើរហិង្សា ឈានដល់ការវាយពួកគាត់បណ្ដាលឲ្យរងរបួសស្នាមថែមទៀត។

លើសពីនេះ ស្ត្រីវ័យចំណាស់ សេង គីមមួយ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ជួយចាត់វិធានការរុះរើសំណង់លោក ឡោ ជីកង កំពុងសាងសង់រំលោភជាប់ជញ្ជាំងផ្ទះរបស់គាត់ និងរំលោភលើប្រព័ន្ធលូបង្ហូរទឹកនោះចេញ ហើយនិងឲ្យជួយស្ដារ ព្រមទាំងឲ្យជួយចេញថ្លៃជួសជុលបញ្ហាស្ទះលូ ដែលលោកស្រីចំណាយទៅលើឈ្នួលជាង និងសម្ភារផ្សេងៗ បើមិនដូច្នេះទេ លោកស្រីនិងស្នើរប្ដឹងទៅថ្នាក់លើបន្តទៀត។

តែបើទោះបីជា មានការចោទប្រកាន់ពីសំណាក់ស្ត្រីវ័យចំណាស់ សេង គីមមួយ យ៉ាងណាក៏ដោយ លោក ឡោ ជីកង ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូទ័របន្ថយល្បឿន ពីញ៉ុងច្រវ៉ាក់គ្រប់ភេទ និងបរិក្ខាចំហាយ មានស្លាកយីហោឈ្មោះ «ថុង លី» និង «ថុង ផាត» បានបដិសេធ និងច្រានចោលទាំងស្រុងថា មិនមែនជាការពិត ដូចការចោទប្រកាន់របស់លោកស្រី សេង គឹមមួយ នោះទេ៕