(កោះកុង)៖ ​​រដ្ឋបាលសាលាខេត្តកោះកុង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ បានបា្ររព្ធខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដោយមានការចូលរួមក្រោមអធិបតីភាព លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនឹងមន្ត្រីក្រោមឱវាទ គ្រប់ស្ថាប័នជុំវិញខេត្ត។

ក្នុងពិធីប្រារព្ធខួបលើកទី១០៧ ទិវាអន្តរជាតិ លោកស្រី មិថុនា ភូថង បានថ្លែងថា ការរៀបចំពិធីនេះ ក្នុងគោលបំណងជំរុញឲ្យមាន កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការវិនិយោគ ទាំងធនធានមនុស្ស និងសេដ្ឋកិច្ច សម្រាប់ការលើកកម្ពស់ សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា ជារួម និងដោយឡែក ក្នុងខេត្តកោះកុង។

លោកស្រី អភិបាលខេត្ត​ បានថ្លែងចូលរួមគាំទ្រនូវ ប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» ដ៏មានសារៈសំខាន់នេះ ដែលបានបង្ហាញអំពី តម្រូវការនៃការ កៀរគរ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សឲ្យបានគ្រប់គ្រាន់ សម្រាប់អនុវត្តន៍គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព ឲ្យបានជោគជ័យ។

លោកស្រីបន្តទៀតថា វឌ្ឍនភាពក្នុងការអនុវត្តគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍គោលដៅទី៣ ការលើកកម្ពស់សមត្ថភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី ដែលជាលទ្ធផល បានបង្ហាញវិជ្ជមានជាច្រើន ចំពោះប្រទេសកម្ពុជា និងស្ត្រីកម្ពុជាលើការផ្តល់នូវ សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

លោកស្រីថា សមិទ្ធផលទាំងអស់នេះ ទទួលបានមកដោយសារការយកចិត្តទុកដាក់ ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹង របស់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្រោមការ ដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្ត ទុកដាក់ខ្ពស់ លើគោលនយោបាយជាតិ នៅក្នុងយុទ្ធសាស្ត្រចតុកាណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព សំដៅលើកកម្ពស់ សមភាព យេនឌ័រ លើកស្ទួយ ស្ថានភាពស្ត្រី ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករ ដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកស្រី មិថុនា ភូថង បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានរៀបចំផែនការយុទ្ធសាស្ត្រនារីរតនៈ ដែលមានគោលបំណងផ្តល់សិទ្ធិអំណាចដល់ស្ត្រី តាមការពង្រឹង ជំនាញ ទាំងការងារ មានកម្រៃ ទាំងការងារគ្មានកម្រៃ និងបង្កើនចំនួនស្ត្រី ក្នុងជួរមន្ត្រីរាជការស៊ីវិល និងបន្តបង្កើនសមាមាត្ររបស់ ស្ត្រីឲ្យកាន់តែច្រើនឡើង ក្នុងស្ថាប័នជាតិ គ្រប់ថ្នាក់ដើម្បីឲ្យស្ត្រី បានចូលរួមកាន់តែសកម្ម ក្នុងការធ្វើសេចក្តីសម្រេចនានា ដូចជាការកសាងផែនការអភិវឌ្ឍ និងអភិបាលកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕