(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍន៍ និងការលើកកម្ពស់ វប្បធម៌អហិង្សាលើស្ត្រី ការជំរុញឲ្យបញ្ឈប់នូវការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

ការថ្លែងបែបនេះ របស់លោក សុខ លូ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបអនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ» ដែលរៀបចំធ្វើឡើង នៅសាលប្រជុំ សាលាខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា បងប្អូនស្ត្រី គឺជាធនធានមនុស្ស មិនអាចខ្វះបាន និងចាត់ទុកស្ត្រីជាដៃគូរ ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រី ក៏ដូចជាផ្តល់ឱកាសស្ត្រី ចូលរួមប្រកបដោយសមត្ថភាព គ្រប់ការងារ គ្រប់វិស័យ។

លោក បញ្ជាក់ថា សិទ្ធិនារី មិនមែនមាន តែមួយថ្ងៃនេះទេ គឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបានលើកតំកើនយូរមកហើយ នេះបើមើលតាមរយៈភាសារ និងអក្សរ ដូចជា មេបា មេទ័ព មេក្លោង ជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតឲ្យមានច្បាប់ ដើម្បីឲ្យស្រ្តីដឹកនាំក្នុងមួយស្ថាប័នយ៉ាងតិចមួយនាក់ផងដែរ សម្រាប់ថ្នាក់ជាតិ និងក្រោមជាតិ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តកំពង់ធំ ក៏បានផ្តល់កាដូរ និងថវិកាមួយចំនួន សម្រាប់បងប្អូនជាស្រ្តី នៅខេត្តកំពង់ធំ ជាការកម្លំាងចិត្ត និងការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំផងដែរ៕