(ស្វាយវៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យមន្ត្រីរាជការខេត្តទាំងអស់ ត្រូវតែបង្កើនចំណេះដឹងបន្ថែមទៀត ដែលទាក់ទង នឹងតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវខិតខំក្នុងការបម្រើការងារ ឲ្យបានល្អជូនស្ថាប័ន។

ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក ម៉ែន វិបុល និងលោកស្រី អញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នាថែរក្សា សន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ សាលាខេត្តស្វាយរៀង ដោយមានមន្ត្រីរាជការជានារី ចូលរួមយ៉ាងច្រើនកុះករ។

លោក ម៉ែន វិបុល​ បញ្ជាក់ទៀតថា ក្នុងតួនាទីជាម្តាយ និងឧត្តមភរិយា ស្ត្រី្តត្រូវអប់រំកូនឲ្យខិតខំរៀនសូត្រឲ្យនៅឆ្ងាយពីគ្រឿងញៀន និយាយស្តី ត្រូវប្រកបដោយការគោរព និងសីលធម៌ មិនហិង្សា ជៀសវាង ពាក្យអសុរស ដើម្បីឲ្យពួកគេ ក្លាយជាកុលបុត្រ កុលធីតាល្អប្រសើររបស់សង្គមជាតិ ចេះគោរពច្បាប់ ច្បាប់ចរាចរណ៍ ចេះអត់ឱន អធ្យាស្រ័យក្នុងកម្រិតខ្ពស់បំផុត។

លោកអភិបាលខេត្ត បានលើកឡើងថា ពិធីខាងលើនេះ ធ្វើឡើងក្នុងក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធ៌មអហឹង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុង គាំទ្រជំរុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធីផងដែរ។

នៅក្នុងឱកាស ពិធីអបអរសាទរទិវា នារីអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» នេះ លោក ម៉ែន វិបុល​ ក៏មានជូននូវបាច់ផ្កា និងកាដូរដល់នារី ដើម្បីលើកទឹកចិត្ត ក្នុងការបំពេញការងារបានល្អកន្លងមកផងដែរ៕