(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិធី «ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា MY First STOCK 2018 » និងបានប្រកាសដាក់សម្ភោធឲ្យប្រើប្រាស់ ជាផ្លូវការនូវគេហទំព័រ Phsarhun.com និង PhsarHun App ដើម្បីឲ្យសាធារណជន ព្រមទាំងវិនិយោគិនទាំងអស់ កាន់តែងាយស្រួលយល់ដឹង អំពីទីផ្សារភាគហ៊ុន បានងាយស្រួលជាងមុន។

លោក ហុង សុហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានថ្លែងថា កម្មវិធីផ្សារភាគហ៊ុន បានដាក់បញ្ចូលនូវព័ត៌មានចាំបាច់អំពីក្រុមហ៊ុនចុះបញ្ជី ថ្លៃភាគហ៊ុន និងទិន្នន័យទីផ្សារជាក់ស្តែងភ្លាមៗ សៀវភៅអេឡិចត្រូនិក និងឯកសារផ្សេងៗសម្រាប់ដោនឡូតដោយឥតគិតថ្លៃ ព័ត៌មានទាន់ហេតុការណ៍ និងអត្ថបទល្អៗ រួមទាំងការវិភាគ Chat room សម្រាប់សាធារណជនពិភាក្សាគ្នា អំពីបញ្ហានានា-ល-។ លោកបានបន្តថា កម្មវិធីទូរសព្ទ «ផ្សារហ៊ុន» App ដែលដាក់ឲ្យដំណើរការនៅថ្ងៃនេះ គឺមាននៅលើតែ Android តែប៉ុណ្ណោះ រីឯ IOS វិញនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាង មុខនេះ តែសម្រាប់វិនិយោគិន ដែលប្រើប្រាស់ Iphone អាចប្រើប្រាស់តាមរយៈ គេហទំព័រ PhsarHun.com ក្នុងកំឡុងពេល IOS មិនទាន់ដំណើរការ។

លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងដែរថា ការដាក់ឲ្យដំណើរការនូវគេហទំព័រ PhsarHun.com និងកម្មវិធីទូរសព្ទឈ្មោះ «ផ្សារហ៊ុន» App និងជួយឲ្យការទទួលព័ត៌មានពាក់ព័ន្ធនឹងផ្សារមូលបត្រកម្ពុជា កាន់តែមានភាពទូលំទូលាយឡើង ហើយការដាក់ចេញវិធីសាស្ត្រ នៃការជួយដូរ និងការតម្លើងនូវដែនកំណត់ថ្លៃពី ៥ទៅ ១០ភាគរយ ព្រមទាំងការដាក់ឲ្យដំណើរការនូវកម្មវិធីជួញដូរភាគហ៊ុនតាមទូរសព្ទ នឹងកាន់តែផ្តល់នូវមធ្យោបាយងាយស្រួល និងប្រាក់ចំណេញខ្ពស់សម្រាប់ការវិនិយោគផ្សារមូលបត្រកម្ពុជា។

លោកបានឲ្យដឹងបន្តថា នាពេលឆាប់ៗខាងមុខនេះ ទីផ្សារសញ្ញាបណ្ណសាជីវកម្ម និងគម្រោងវិនិយោគរួម នឹងត្រូវបានដាក់ឲ្យដំណើរការនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលការណ៍នេះ នឹងកាន់តែបង្កើតននូវជម្រើសវិនិយោគ និងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើពពិធកម្មនៃការវិនិយោគ ដែលអាចកាត់បន្ថយនូវហានិភ័យ នៃការវិនិយោគរបស់វិនិយោគិនទាំងអស់។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការផ្សព្វផ្សាយដូចកម្មវិធីនេះ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង ពីវិស័យមូលបត្រ ដល់វិនិយោគិនសក្តានុពលទាំងឡាយ ហើយលោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងក្រុមហ៊ុនមូលបត្រផ្សេងៗ ឱ្យបន្តចូលរួមសហការគ្នាក្នុងការផ្សព្វផ្សាយ ចំណេះដឹងដល់សាធារណជន វិនិយោគិន និង សហគ្រាសចុះបញ្ចីសក្ដានុពល តាមរយៈការរៀបចំនូវពិព័រណ៍ សិក្ខាសាលា និងព្រឹត្តិការណ៍ទំនាក់ទំនងសាធារណៈតាមរូបភាពផ្សេងទៀតឱ្យបានច្រើន។ លើសពីនេះ កម្រិតចំណេះដឹងទៅលើវិស័យមូលបត្រ ភាពងាយស្រួលក្នុងការទទួលព័ត៌មាន និង ចំនួនវិនិយោគិន គឺជាកត្តាសំខាន់ដែលអាចកំណត់ល្បឿននៃការអភិវឌ្ឍវិស័យមួយនេះ ហើយគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងគុណភាពនៃការផ្តល់សេវាកម្ម ជំនាញ និង វិជ្ជាជីវៈការងារ ដើម្បីភាពរីកចម្រើនឆាប់រហ័សនៃវិស័យមូលបត្រ ក៏ដូចជាវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូល ។

សូមជម្រាបជូនថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ និងមានក្រុមហ៊ុនចុះបញ្ជីចំនួន០៥ ខណៈដែលសកម្មភាពជាច្រើន ដែលរួមមានទាំងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានាត្រូបានដាក់ឲ្យដំណើរការ និងប្រព្រឹត្តទៅនៅក្នុងទីផ្សារ៕