(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះបើកការដ្ឋានសាងសង់ស្ពានដែក១ សម្រាប់ឆ្លងប្រឡាយទឹក និង ស្តារប្រឡាយទឹក១ខ្សែ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ជាប្រយោជន៍សាធារណៈ ក្នុងឃុំទាំងមូលនៅចំណុចភូមិសំណាញ់ឃុំភ្នំសំពៅ។ ប្រជាពលរដ្ឋឃុំភ្នំសំពៅ បានអបអរសាទរ ថ្លែងអំណរគុណ និងដឹងគុណជានិច្ចដល់ថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិទាំងអស់ តែងតែគិតគូរពីសុខទុកប្រជាពលរដ្ឋនៅតាមជនបទ។

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង បានឲ្យដឹងថា ផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធានក្រុមការងារ ចុះជួយស្រុកបាណន់មក ក្រុមការងាថ្នាក់ជាតិចុះជួយ ឃុំភ្នំសំពៅ តែងតែយកចិត្ត គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យជាច្រើន ព្រមទាំងចែកអំណោយមនុស្សធម៌ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតមក។

លោកប្រធានបានបញ្ជាក់ថា ទោះជាមានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ ហើយក៏ដោយតែសេចក្តីត្រូវការ និងភាពចាំបាច់ របស់ប្រជាពលរដ្ឋក្រុមការងារយើង នៅតែបន្តតាមជួយរហូត ជាក់ស្តែងថ្ងៃនេះ ក្រុមការងារទាំងអស់គ្នាបាន ចុះមកបើកការដ្ឋានធ្វើស្ពានដែក១ សម្រាប់ប្រជាពលរដ្ឋដឹកទំនិញកសិផល និងធ្វើដំណើរឆ្លងកាត់ប្រឡាយទឹក ដែលមានទំហំទទឹង៣ម៉ែត្រ បណ្តោយ១២ម៉ែត្រ ស្ថិតនៅក្នុងភូមិសំណាញ់ឃុំភ្នំសំពៅ ដោយកន្លងមកប្រជាពលរដ្ឋបានដាក់ឈើសម្រាប់ឆ្លងមានការលំបាកខ្លាំង។

លោកប្រធានក្រុមការងារបានបន្តថា បន្ទាប់ពីសាងសង់ស្ពានដែកតូចនេះហើយ សូមបងប្អូនជួយថែរក្សាសមិទ្ធិផលនេះប្រើប្រាស់ឲ្យបានយូរអង្វែង ហើយនាំគ្នាដឹកទំនិញមិនឲ្យលើសទម្ងន់ពី២តោនឡើយ ដោយស្ពាននេះគ្រាន់តែសម្រួលការឆ្លងកាត់ បន្ថយការលំបាកពីមុន ហើយបានប្រើប្រាស់ឆ្លងកាត់ស្រួលជាមុនបន្ទាប់ពីសាងសងរួចប្រគល់ជូនដាក់ឲ្យប្រើប្រាស់នៅពេលក្រោយ។

ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ បានថ្លែងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលតែងបានជួយដោះស្រាយកង្វល់ ការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលារហូតមក៕