(កំពង់ធំ)៖ ក្រុងស្ទឹងសែន គឺជាក្រុងមួយដែលស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ដែលនឹងត្រៀមខ្លួនទទួលក្នុងការប្តូរមុខមាត់ក្លាយជាទីក្រុងស្អាត ដើម្បីទាក់ទាញនូវអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរណ៍ ពីខេត្តឆ្លងកាត់ មកជាខេត្តស្នាក់អាស្រ័យវិញ ក្នុងនោះសកម្មភាពសំអាត និងអភិវឌ្ឍន៍ក្នុងក្រុង គឺជាសកម្មភាពអាទិភាពមួយដែលថ្នាក់ដឹកនាំគ្រប់រូបឃើញទាស់ត្រង់ណា ធ្វើនៅត្រង់នោះតែម្តង។

អាជ្ញាធរខេត្តកំពង់ធំ នៅតែចាត់ទុកថា ការរៀបចំសំអាតបរិស្ថានក្នុងក្រុងស្ទឹងសែន ជាសកម្មភាពអាទិភាពមួយ ដែលធ្វើឲ្យខេត្តកំពង់ធំ មានភាពរីកចម្រើន ស្មើរស្មើរមាត់ក្នុងការទទួលនូវភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកដំណើរ ដែលធ្លាប់តែឆ្លងកាត់ បែរជាមកប្តូរចិត្តស្នាក់នៅក្នុងខេត្តទៅវិញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើការដឹកនាំក្រុមយុវជនចំនួន១០០នាក់ និងកងកម្លាំងអន្តរាគមន៍ពិសេសចំនួន៨១នាក់ មកមកសំអាតទីធ្លារមុខ និងក្នុង ព្រមទាំងធ្វើការលាបថ្នាំរបង ប្រវែងជាង៤០០ម៉ែត្រ នៃសាលារៀនបឋមសិក្សាកំពង់ធំក្រុង ដែលស្ថិតនៅតាមបណ្តោយផ្លូវប្រជាធិបតេយ្យ។

លោក ជា វ៉ាន់ចាន់ និងលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានលើកឡើងថា ការចូលរួមសំអាតនូវសោភ័ណ្ឌនេះ មិនមែនជាលើកទី១នោះទេ កន្លងមក មានការចុះសំអាតទីធ្លាក្នុងក្រុង ការរើសសំរាម នៅតាមទីសាធារណះផងដែរ ដែលសកម្មភាពទាំអស់នេះ គឺជាសកម្មភាពមនុស្សធម៌ ជួយដាស់តឿនសា្មរតី ប្រជាពលរដ្ឋឲ្យយល់ដឹងពីបរស្ថានស្អាត ការរួមរស់ជាមួយគ្នា ដោយមិនប្រកាន់នូវនិន្នាការ បក្សពួក ការថែរក្សានូវសុខភាព និងជាសកម្មដែលនឹងឈានទៅរកការលុបបំបាត់នូវការចោលសំរាមពាសវាលពាសកាល ដែលធ្វើឲ្យក្រុងស្ទឹង ខេត្តកំពង់ធំ ក្លាយជាទីក្រុងស្អាត ត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ ដើម្បីប្រែក្លាយពីខេត្តឆ្លងកាត់របស់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ មកជាខេត្តស្នាក់ អាស្រ័យវិញ។

ម្យ៉ាងវិញទៀត ការលាបថ្នាំរបង និងសំអាតទីធ្លានេះ ព្រោះសាលារៀននេះជាសាលារៀនមួយដែលមាន សិស្សានុសសិស្សមករៀនច្រើន ហើយដងផ្លូវនេះមាន ប្រជាពលរដ្ឋ នៅក្រុងមានអ្នកជិះកង់ និង រត់ហាត់ប្រាណនៅពេលព្រឹក និងល្ងាចផងដែរ លើសពីនេះទៅទៀត គឺនឹងជួយជម្រុញឲ្យសាលារៀនក្លាយជា សាលាកុមារមេត្រី ក្នុងការជួយទាក់ទាញអារម្មណ៍សិស្សឲ្យមករៀនកាន់តែមានប្រសិទ្ធិភាព ព្រោះក្មេងៗជំនាន់ក្រោយគឺជាទំពាំងស្នងឬស្សី ក្នុងភាពជាអ្នកថែរក្សានូវសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ៕