(ភ្នំពេញ)៖ នៅ​ល្ងាច​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ចោទ​ប្រកាន់​ក្រុម​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩នាក់​ ចំនួន​ពីរ​បទល្មើស​។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ក្រុម​ចាប់​ជំរិត​ទាំង​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​តាំង​ខ្លួន​ជា​អ្នក​រាជការ​សាធារណៈ ​និង​បទ​កំហែង​យក​» ​តាម​មាត្រា​៣៦៣​ មាត្រា​៣៧៧​ និង​ មាត្រា​៣៨០​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨​។ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ ជនត្រូវចោទ​។ ប៉ុន្ដែ​យោង​តាម​បទល្មើស​នេះ​ ចៅក្រម​អាច​នឹង​ឃុំ​ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។

សូមបញ្ជាក់ថា ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនដំបូងមានចំនួន៣៣នាក់ ប៉ុន្តែក្រោយពីសាកសួរ នៅអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន៤នាក់ ក្នុងនោះ៣នាក់អនាម័យ និងម្នាក់ជាសន្តិសុខ ដែលពួកគាត់មិនពាក់ព័ន្ធនឹងអំពើល្មើសច្បាប់។

សូមទស្សនាវិដេអូ នៃការបង្រ្កាបជាក់ស្តែងរបស់កម្លាំងអន្តាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ពិតជាពិសេសអស្ចារ្យ!