(ភ្នំពេញ)៖ លោក ស៊ឹម ចាន់ណាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកថវិការបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រធានកម្ពុជា ចំនួន ១.០០០.០០០រៀល (មួយលានរៀល) ឧបត្ថម្ភដល់យុវតី ឃឿត សុខា កើតជំងឺមហារីកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

តាមការបញ្ជាក់ពីក្រុមការងារ, យុវតីរូបនេះ មានស្រុកកំណើតនៅ ភូមិ-ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កាលដំបូងឡើយនាងកើតជំងឺម្រេញកណ្ដុរ។ នាងក៏បានទៅពេទ្យវះកាត់ តែនាងលេបថ្នាំមិនទៀងទាត់តាមវេជ្ជបញ្ជា ក៏នាំឲ្យលាប់ឡើងវិញ។

ពេលលាប់នោះ មិនបានទៅពេទ្យព្យាបាលទេ ដោយសារខ្វះថវិកា ចេះតែសង្ងំនៅផ្ទះគ្មានការព្យាបាល រហូតដល់ក្រុមការងារ សសយក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចុះផ្ដល់ជំនួយទើបដឹងរឿងនេះ។
ពេលនោះលោក តោ វីរូ តាមការចង្អុលបង្ហាញពីលោក ស សុខា អ្នកតំណាងរាស្ត្រ និងជាអនុប្រធានសសយក ក៏បានចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យធំ ខេត្តបាត់ដំបង។

ខាងមន្ទីរពេទ្យបានពិនិត្យឃើញថា ជំងឺនេះបានវិវឌ្ឍក្លាយទៅជាជំងឺមហារីក។ ដោយឃើញស្ថានភាពបែបនេះ លោក តោ វីរូ ដែលទទួលបានការឯកភាពពីលោក ស សុខា បានសហការជាមួយក្រុមការងារ សសយក ស្រុកឯកភ្នំ បញ្ជូននាងមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (រាជធានីភ្នំពេញ) ដើម្បីសង្គ្រោះព្យាបាល ដោយមិនអស់ថវិកា។

ទន្ទឹមនឹងនេះ ក្នុងពេលសម្រាកព្យាបាលជំងឺនេះលោក ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង និងលោក ខាត់ សារ័ត្ន ប្រធានក្រុមប្រឹក្សាចុះជួយ សសយក ស្រុកឯកភ្នំ ក៏បានរ៉ាប់រងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃថែមទៀត៕