(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរស GOOD MAN គ្មានចុះបញ្ជិកា និងត្រួតពិនិត្យគុណភាព ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាន នៅថ្ងៃនេះបានឲ្យដឹងទៀតថា តាមការពិនិត្យឃើញលើបណ្ដាសង្គមហ្វេសប៊ុក ជារៀងរាល់ថ្ងៃ មានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល បានផ្សព្វផ្សាយ ឱសថបំប៉នផ្លូវភេទបុរស GOODMAN គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូលមួយនេះ ដោយបានផ្សព្វផ្សាយអួតអាង និងបំភ្លើសហួសពីការពិត តាមរយៈបណ្ដាញសង្គម Facebook ក្នុងការព្យាបាលគ្រលៀន តម្រងនោម ក្រពេញប្រ៉ូស្ដាត​ អ័រម៉ូន ពិសេសបង្កើនតណ្ហាផ្លូវភេទ ​បុរសឲ្យខ្លាំងបានយូរ។

ដើម្បីជៀសវាងការខាតបង់ប្រាក់ ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសង្ឃឹមថា សាធារណជនទាំងអស់ ឈប់ជឿតាមការឃោសនា អកុសល បោកប្រាស ភូតកុហក បំភ្លើសពីការពិត របស់ជនខិលខូចមួយចំនួននេះទៀត៕

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួង ដូចខាងក្រោមនេះ៖