(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសរួមគ្នា ដាក់ទោសម្ចាស់ ឬនាយកសហគ្រាសណា ដែលទទួលយកពលករបរទេស ឲ្យធ្វើការដោយគ្មានបណ្ណ និងសៀវភៅការងារ។ នេះបើយោងតាមប្រកាសអន្តរក្រសួង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ប្រកាសអន្តរក្រសួងស្តីអំពី ការពង្រីងការងារ អធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា «ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្តណាមួយ ដែលទទួលយកពលករបរទេសឲ្យធ្វើការងារ ឬពលករបរទេសដែលធ្វើការ ឬប្រកបរបរណាមួយដោយគ្មានបណ្ណ និងសៀវភៅការងារ ត្រូវធ្វើការពិន័យជាប្រាក់ ផ្តន្ទាទោសតាមទោសប្បញ្ញត្តិជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងផ្តន្ទាទោសប្បញ្ញត្តិជំពូកទី៥ និងការបណ្តេញចេញជំពូកទី១៦ នៃច្បាប់ស្តីពីអន្តោប្រវេសន៍»

ប្រកាសដដែលបានឲ្យដឹងទៀតថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្តណាមួយ ដែលគោរព និងអនុវត្តន៍បានត្រឹមត្រូវ តាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងទាំងពីរ នឹងផ្តល់ជូនលិខិត ឬបណ្ណសរសើរ ដើម្បីលើកទឹកចិត្ត៕