(ជប៉ុន)៖ ឆ្លើយតបនឹងការអញ្ជើញ របស់គណៈប្រតិភូវិនិយោគិនជប៉ុន នៃទីក្រុងសេនដាយ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧កន្លងទៅនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានចូលរួមធ្វើបទបង្ហាញ នៅក្នុងសិក្ខាសាលាស្តីពី ការវិនិយោគនៅទីក្រុងតូក្យូ ដែលប្រព្រឹត្តទៅដោយជោគជ័យ នៅថ្ងៃម្សិលមិញរួចន បានបន្តដឹកនាំគណៈប្រតិភូ ទៅ ចូលរួមសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា នៅទីក្រុងសេនដាយ ខេត្តមីយ៉ាហ្គី។

សិក្ខាសាលានេះ បានរៀបចំក្នុងគោលបំណងធ្វើការទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុន ដែលមានមូលដ្ឋាននៅតំបន់នេះ មកវិនិយោគនៅកម្ពុជា។

សិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា បានរៀបចំដោយមានកិច្ចសហការ និងការគាំទ្រពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន, ស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូ, សាលាខេត្តមីយ៉ាហ្គី, សាលាក្រុងសេនដាយ, JETRO សេនដាយ, ធនាគារ 77 Bank និង អង្គការ JICA ប្រចាំតំបន់តូហុកឃឹ (Tohoku)។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

សម្រាប់ក្នុងឆ្នាំ២០១៧កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន៩ ក្នុងទុនវិនិយោគសរុបប្រមាណ៦៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក៕