(ព្រះសីហនុ)៖ តុលាការខេត្តព្រះសីហនុ បានចេញដីកាចំនួន៣ដោយសម្រេចឃុំខ្លួន បុរសជនជាតិចិនតៃវ៉ាន់ និងថៃទាំង៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីចាប់ជំរិតទារ ប្រាក់តាមប្រព័ន្ធ Internet ដែលត្រូវបានកម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាបកាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ។ នេះបើយោងតាមដីកាសម្រេចឲ្យឃុំខ្លួនរបស់លោក សុខ សឿន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

នៅក្នុងដីកាឃុំខ្លួននោះ ជនជាតិបរទេសទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោសដោយតាំងខ្លួន ជាអ្នករាជការសាធារណៈ និងជាក្រុមមានការចាត់តាំង» ប្រព្រឹត្តទៅនៅក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បទល្មើសដែលមានចែកឲ្យផ្តន្ទាទោសរតាមមាត្រា៣៧៧ និងមាត្រា៣៨០ ចំណុចទី២ និងចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំង អាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្រួបសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ជំរិតតាមប្រព័ន្ធ Internet ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាជនជាតិថៃនិងចិនតៃវ៉ាន់ និងវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងអាវុធបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងជនជាតិថៃម្នាក់ និងជនជាតិចិនតៃវ៉ាន់២នាក់ ដែលពួកគេពាក់ព័ន្ធការចាប់ជំរិតជនជាតិថៃ ដោយដើរតួភូតកុហសជាសមត្ថកិច្ច។

លោកឧត្តមសេនីយ៍បន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន ដូចជា លុយកាក់ ឧបករណ៍បម្រើដល់ការចាប់ជំរិត និងវត្ថុតាងមួយចំនួនទៀត។ នៅថ្ងៃដដែលនោះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្ក្រាបករណីនេះនៅខណ្ឌសែនសុខផងដែរ ដោយចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ថៃ និងខ្មែរជាង៣០នាក់ផងដែរ៕