(ភ្នំពេញ)៖ ​​ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា លោក​ អូស្មាន ហាស្សាន់ ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៩​-​២១ ខែមករា ឆ្នាំ២០១៨ ដែលមានចូលរួមពីប្រធានគណៈចលនា នៃបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ថ្នាក់ដឹកនាំ សម្ព័ន្ធយុវជនមុស្លិមនៃបណ្តាខេត្ត លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ហាកិម ជុំវិញរាជធានីភ្នំពេញ សរុ​ប៦០១រូប​។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ផ្តើមដោយការអានសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដែលផែនការនេះ អានដោយ លោក សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈចលនា របស់គណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនេះ ដែរក៏បានអញ្ជើញអានសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាតសំខាន់ៗចំនួន​៧ចំនុច ដែលអានដោយ លោកហ្សាការីយ៉ា អាដាម សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដែលសេចក្តីដម្រេចចិត្តទាំង៧នេះ លោកបានលើកឡើងថា អាស្រ័យដោយការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជា​សម្រេចបានលទ្ធផល​ដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាក់ស្តែងក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយបានសម្រេចកំណើនខ្ពស់ប្រកបដោយចីរភាព សមធម៌ បរិយាប័ន្ន និងធន់នឹងវិបត្ត ។

ស្របជាមួយនឹងការអានសេចក្តីសម្រេចចិត្តសំខាន់ៗ នៃគោលនយោបាយគណបក្សប្រជាជនកម្ពុជា ពីមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេស លោក​ អូស្មាន ហាស្សាន់ ក៏បានជម្រាបដល់អង្គពិធីបានជ្រាបថា មហាសន្និបាតវិសាមញ្ញខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព​របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដែលមានអង្គមហាសន្និបាត អញ្ជើញពីថ្នាក់ដឹកនាំ គណបក្ស គ្រប់ស្ថាប័ន ទូទាំងប្រទេស ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប​២,៤០៨រូប​។​

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក​ អូស្មាន ហាស្សាន់ ក៏បានបង្ហាញសុទិដ្ឋិនិយមបំផុត ដែលដកស្រង់ពីខ្លឹមសារសន្និបាទនេះ លោកបានបញ្ជាក់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងតែផ្លាស់ប្តូរពីប្រទេសពឹងផ្អែកលើវិស័យកសិម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ​ជាពិសេសកម្ពុជា បានសម្រេចនូវបង្គោលចរមួយដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺបានប្រែក្លាយពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេស មាន​ប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងបន្តដំណើរឈានទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ​២០៣០​។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក អូស្មាន់ ហាស្សាន់ បាន​នាំការផ្តាំផ្ញើសារសំខាន់នានា ពីថ្នាក់ដឹកនាំកំពូលរបស់បក្ស ដើម្បីបន្តពង្រឹងភារកិច្ច និងតួនាទីរបស់ ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមទូទាំងប្រទេស ត្រូវធ្វើការទំនាក់ទំនងឲ្យកាន់តែប្រសើរ ជាមួយ​គណបក្សតាមមូលដ្ឋាន ព្រោះគណៈចលនា គឺជាផ្នែកមួយមានភារកិច្ចសម្របសម្រួលការងារ គណបល្សប្រជាជនកម្ពុជា ទៅកាន់សហគមន៍ខ្មែរឥស្លាម ហេតុនេះត្រូវធ្វើយ៉ាងណា ធ្វើកិច្ចហការល្អ ក្នុងនោះដែរត្រូវខិតខំស្វែងយល់ពីតម្រូវការជាក់ស្តែង របស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ខំប្រឹងផ្តោតសំខាន់ទៅលើ ការផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋដោយមិនមានប្រកាន់និន្នការនយោបាយអ្វីឡើយ​។

ក្នុងនោះ​ដែរ លោកប្រធានគណៈចលនា បានចាត់តាំងថ្នាក់ដឹកនាំតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ត្រប់គ្រងទិន្នន័យឲ្យបានល្អពីសមាជិកបក្ស រក្សាបរិមាណសមាជិកចាស់ និង​បង្កើនសមាជិកថ្មីឲ្យបានកាន់តែច្រើន ហើយត្រូវសហការបញ្ជូនទិន្នន័យមកកាន់គណៈចលនាថ្នាក់កណ្តាលបានជ្រាប៕