(ភ្នំពេញ)៖ ​វិទ្យាស្ថានបណ្តុះ​បណ្តាល​ពាណិជ្ជ​កម្ម និង​ស្រាវជ្រាវ​​ និងនាយកដ្ឋាន​នាំចេញ-នាំ​ចូល នៃ​ក្រសួង​ពាណិជ្ជកម្ម បានសហការ​គ្នារៀបចំ​វគ្គបណ្តុះបណ្តាលស្តីពី អ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារ​នាំចេញ​នាំចូល ​(ជំនាន់ទី១) ដែល​ប្រព្រឹត្តទៅនៅទីស្តីការ​ក្រសួងពាណិជ្ជកម្ម នារសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោម​អធិបតី​ភាព​លោក អ៊ុក ប្រជា ​រដ្ឋលេខា​ធិការក្រសួង​ពាណិជ្ជ​កម្ម និង​មាន​ការ​ចូលរួម​ពី ​សិក្ខា​កាម​ដែល​មក​ពី​បណ្តា​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន ចំនួន៦០នាក់។

នៅក្នុងឱកាសនោះ លោក អ៊ុក ប្រជា បានលើកឡើងថា ការ​បណ្តុះ​បណ្តាល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បីគ្រប់គ្រង និងពង្រឹងសមត្ថភាព អ្នកតំណាងស្របច្បាប់របស់សហគ្រាស ក្រុមហ៊ុន ព្រម​ទាំង​ពង្រឹង និង​​បង្កើន​ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រកាសសេចក្តីជូនដំណឹង​ពាក់ព័ន្ធដល់ ការផ្តល់​ឯកសារ​ទាក់​ទង​នឹង​ការ​នាំចេញ​-នាំចូល លើកកម្ពស់ការផ្តល់សេវានាំចេញ-នាំចូល ឲ្យមានប្រសិទ្ធភាព និងស្របតាម​ការកែទម្រង់របស់​ក្រសួង​ពាណិជ្ជកម្ម។

ជាមួយគ្នានេះដែរ លោក អ៊ុក ប្រជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​រយៈពេលជាង២ ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា បានក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម និង​ត្រូវ​បាន​គេចាត់ទុក​ថា​ជាសត្វខ្លាថ្មីនៅអាស៊ី ដោយកំណើនសេដ្ឋកិច្ចរឹងមាំ ជាមធ្យម ៧%។

ស្របជាមួយនឹងការបង្កើត​សហគមន៍​សេដ្ឋកិច្ចអាស៊ាន (AEC) នៅដំណាច់ឆ្នាំ២០១៥ រួមទាំងក្តីរំពឹងក្នុងការចចារបញ្ចប់​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលអនាគតកម្ពុជា​ បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ទីផ្សារ​ក្នុងតំបន់ ឬរោងចក្រនៅអាស៊ី ដែលមាន​សក្តានុពល តាមរយៈការវិនិយោគ ដើម្បីពង្រីក​​មូលដ្ឋានផលិតកម្ម ការ​កសាង និងកែលំអ​បណ្តាញដឹក​ជញ្ជូន និងភស្តុភារពាណិជ្ជកម្ម ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធ​ហិរញ្ញវត្ថុ ​និង​ការកែទម្រង់ប្រព័ន្ធច្បាប់ និងស្ថាប័ន។

បើតាមមន្ដ្រីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ក្នុងការកសាងច្បាប់គតិ​យុត្តិ និងនីតិវិធីនានា ដើម្បីឲ្យស្របតាមបរិបទ នៃការរីកចម្រើនសេដ្ឋកិច្ចជាសកល បានបង្កើតប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ក្នុង​ការ​សម្រួលពាណិជ្ជកម្ម ដោយកាត់បន្ថយនូវការិយាល័យ​ធិបតេយ្យ ដោយ​ដាក់ឲ្យអនុវត្តបញ្ជរតែមួយ​​ និងបាន​ដាក់​ឲ្យប្រើប្រាស់​នូវការសុំវិញ្ញាបនបត្រប្រភពដើមទំនិញ ការចុះបញ្ជីពាណិជ្ជកម្ម និងការ​ចុះបញ្ជី​ពាណិជ្ជ​សញ្ញា​តាម​អនឡាន ដើម្បីជាកិច្ចសម្រួល​ពាណិជ្ជ​កម្ម។

ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើប្រតិភូកម្ម​អំណាច​ឲ្យមន្ទីរ​ពាណិជ្ជកម្ម​​ខេត្ត​ជាប់​ព្រំដែនក្នុងការចេញវិញ្ញាបនបត្រប្រភពដើមទំនិញទម្រង់D។ ដូចច្នេះតម្រូវការ​បំពេញ​បែប​បទ​​សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ការសុំវិញ្ញាបនបត្រប្រភពដើមត្រូវបានកាត់​បន្ថយពេល​វេលា​យ៉ាងច្រើន ហើយ​តម្រូវការមូលធនតំកល់សាច់ប្រាក់ ធ្វើអាជីវកម្មនៅធនាគារ​សម្រាប់​ការចុះ​បញ្ជី​ពាណិជ្ជកម្ម ​ក៏ត្រូវបានកាត់​បន្ថយ​​​​ផង​ដែរ។

ជាមួយគ្នានេះ លោក​​ សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បាន​លើក​ឡើង​អំពី​ដំណើរ​ការ​នៃការជ្រើសរើសបេក្ខជនចូលរួមវគ្គបណ្តុះបណ្តាល​ជំនាន់ទី១នេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពី​ថ្ងៃទី១៩ ខែកុម្ភៈ ដល់​ថ្ងៃទី០២ ខែ​មីនា ឆ្នាំ២០១៨។

ចំពោះលក្ខខណ្ឌដើម្បីអាចចុះឈ្មោះចូលរួមបាន បេក្ខ​ជន​តម្រូវឲ្យមានសញ្ញាបត្រទុតិយភូមិ ឬ​សញ្ញាបត្រសមមូល ឬសញ្ញាបត្រដែលមានតំលៃធំជាង បេក្ខជន​ត្រូវមាន​ចំណេះ​ដឹង​ផ្នែក​កុំ​ព្យូទ័រ និង​ភាសា​អង់គ្លេស និង​តម្រូវឲ្យបេក្ខជន​ទាំងអស់ធ្វើការប្រឡងបញ្ចប់។ បេក្ខជន​បានដាក់​ពាក្យ​សុំ​ចូល​រៀន​សរុបចំនួន ១៥០នាក់ ដែល​មកពីបណ្តាបុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងក្រុមហ៊ុន​វិជ្ជាជីវៈមេធាវីជាដើម។ ដោយ​ផ្តោត​លើគុណភាព និងការបង្រៀនកាន់តែមានប្រសិទ្ធភាព វគ្គទី១នេះមានបេក្ខជន​ចំនួន ៦០នាក់ប៉ុណ្ណោះ ចំពោះបេក្ខភាពផ្សេងទៀត ក្រសួងនឹងធ្វើការ​​បណ្តុះបណ្តាលនៅវគ្គបន្ត​បន្ទាប់៕