(ខេត្តត្បូងឃ្មុំ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានសហការ ជាមួយមូលនិធិអង្គការ Planet Water បានតម្លើង និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធចម្រោះទឹកស្អាតថ្មីមួយ នៅឃុំកងជ័យ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

ប៉មចម្រោះទឹកស្អាតAquaTower ដែលបានដំឡើងនេះ គឺជាប៉មចម្រោះទឹកស្អាតទីមួយ នៃគម្រោងដំឡើងប៉មទឹកស្អាតឆ្នាំ២០១៨ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)ដែលគម្រោងនេះ នឹងធ្វើឡើងនៅខេត្តមានដូចជា ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កណ្តាល កែប និងខេត្តកំពង់ធំ។

កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងមូលនិធិអង្គការ Planet Water បានតម្លើងប៉មចម្រោះទឹកស្អាតAquaTowers បានចំនួន 0៧គ្រឿងនៅទូទាំងប្រទេសកម្ពុជា ដែលបានផ្តល់ទឹកស្អាតប្រើប្រាស់ចំនួនប្រមាណជាង ៤,៦៨៧.០០០ លីត្រដល់ប្រជាជនជិត ២០.០០០នាក់ នៅក្នុងសហគមន៍ផ្សេងៗគ្នា។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកូកា-កូឡា បានបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំយកនូវកម្មវិធីទឹកស្អាត និងអនាម័យទៅដល់សហគមន៍ នៅទូទាំងប្រទេសកម្ពុជា ហើយកម្មវិធីនេះបានបណ្តុះបណ្តាលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ចំនួន១.៨០០នាក់ ដើម្បីបង្កើនការយល់ដឹងអំពីប្រធានបទនេះ។

ក្នុងឱកាសសម្ពោធប៉មចម្រោះទឹកស្អាតនេះដែរ លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចសហប្រតិបត្តិការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងអំណរគុណ ដល់អង្គការមូលនិធិ Planet Water និងអ្នកស្ម័គ្រចិត្តតម្លើងប៉មទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើ ការងារសហគមន៍នេះ។

លោកបន្ដថា «កូកា-កូឡា បានក្លាយជាផ្នែកមួយដ៏សកម្ម ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយយើងនឹងបន្តប្តេជ្ញាគាំទ្រប្រទេសយើង ធ្វើយ៉ាងឲ្យស្របតាមទិសដៅនិរន្តរភាព។សារៈសំខាន់ នៃការទទួលបានទឹកស្អាត និងអនាម័យខ្លួនប្រាណគឺមិនអាចខ្វះបានទេ ហើយនេះជាមូលហេតុដែល ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តចីរភាពរបស់យើង។ ដោយមានការគាំទ្រយ៉ាងរឹងមាំ ពីដៃគូរសហការរបស់យើង យើងនឹងបន្ត ស្វែងរកមធ្យោបាយនានា ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវអត្ថប្រយោជន៍ជាមូលដ្ឋាននៃទឹកស្អាត និងចំណេះដឹងអំពីអនាម័យខ្លួនប្រាណ»

បន្ទាប់ពីការគាំទ្រដល់ការដំឡើងប៉មទឹកស្អាត AquaTowers ចំនួន០៧ទៀត នៅតាមបណ្តាខេត្តចំនួន០៦ ក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) ក៏បានផ្តល់នូវការគាំទ្ររយៈពេល០៥ឆ្នាំ ក្រោយគម្រោងផងដែរ គឺការត្រួតពិនិត្យគុណភាពទឹក និងការអនុវត្តកម្មវិធីអប់រំអនាម័យនៅគ្រប់ សហគមន៍ដែល AquaTowers បោះទីតាំង៕