​(កំពង់ចាម​)៖ កម្មករ-កម្មការិនី ក្រុមហ៊ុន វ៉ាឡុង (ខេមបូឌា) ប្រមាណ​១០០០​នាក់ ដែលមានទីតាំងស្ថិតនៅភូមិឈើទាល ឃុំផ្ដៅផុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តធ្វើកូដកម្ម មិនទាន់ចូលធ្វើការវិញទេ​ រហូតមដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីផ្ទុះកូដកម្មតវ៉ាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន​១៣ចំណុ​ច​។

​បន្ទាប់ពីមានកូដកម្មនេះ គណៈកម្មការជំនាញរួមមាន៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម, ស្នងការរងខេត្តទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់, លោក​ ចេង​ ហ៊ាន​ ប្រធានមន្ទីរការងារ (ដឹកនាំមន្រ្ដីជំនាញ៥រូប), លោកអធិការរងស្រុកជើងព្រៃ, លោកមេបញ្ជាការរងស្រុកជើងព្រៃ, តំណាងក្រុមហ៊ុន វ៉ា ឡុង និងតំណាងកម្មករជាច្រើនរូប​ បានចុះទៅដោះស្រាយ

តែជាលទ្ធផលដំណោះស្រាយ មិនត្រូវបានកម្មករទទួលយកបានទេ ទើបធ្វើឱ្យកម្មករផ្ទុះកូដកម្មដល់ថ្ងៃទី១៥ ១៦ និង១៩ ខែកុម្ភៈឆ្នាំ ២០១៨នេះ។

​រហូតមកដល់ថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ក្រុមកកម្មករ​-កម្មការិនី​ មិនទាន់ចូលធ្វើការនៅឡើយទេ​ ហើយសំណូមពររបស់កម្មករ គឺនៅតែទាមទារឱ្យក្រុមហ៊ុនដោះស្រាយ តាមការសន្យាដែលក្រុមហ៊ុនធ្លាប់បានសន្យាកន្លងមកច្រើន លើកច្រើនសារ ជាមួយកម្មករតែមិនអនុវត្តដែលជាហេតុបណ្តាលឱ្យ មានកូដកម្មនេះកើតឡើង៕