(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៤លានដុល្លារ សម្រាប់ប្រើប្រាស់លើគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដែលផ្ដោតសំខាន់លើការជំរុញ ឲ្យយុវជនកម្ពុជាទាំងក្នុង និងក្រៅប្រព័ន្ធ ចេះបង្កើតការងារដោយខ្លួនឯង ពិសេសសិស្សានុសិស្ស ដែលបញ្ចប់មធ្យមសិក្សាទុតិយភូមិ (ចប់ថ្នាក់ទី១២) និងយុវជនដែលបានបោះបង់ការសិក្សា។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងវិស័យឯកជន តំណាងក្រសួងអប់រំ ក្រសួងទេសចរណ៍ សហជីព និងតំណាងយុវជនផងដែរ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សហប្រធានលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី Claire Vander Vaeren មន្ត្រីសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោក ហេង សួរ បានលើកឡើងថា ជំហ៊ានដំបូងនៃគម្រោងថ្មីនេះ មានរយៈពេល៤ឆ្នាំ ដោយចំណាយថវិកាជាង៤លានដុល្លារ ហើយបានចាប់ផ្ដើមប្រតិបត្តិការការងារ តាំងពីឆ្នាំ២០១៧មកហើយ។

លោកបានបន្តថា ភាគីពាក់ព័ន្ធក្នុងគម្រោងនេះ នឹងបង្កើតឲ្យមានក្រុមប្រឹក្សាពិគ្រោះយោបល់មួយ ដែលមានការចូលរួមពីតំណាងវិស័យឯកជន តំណាងសហជីព និងតំណាងយុវជន ពីព្រោះការងារនេះពាក់ព័ន្ធនឹងយុវជន តែក៏ត្រូវការវិស័យឯកជន ដែលជាអ្នកបង្កើតការងារចូលរួមផងដែរ។

លោកថា គម្រោងនេះមានការបញ្ជូលការអប់រំពីសហគ្រិនភាព នៅតាមសាលាមធ្យមសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាលនានានៅទូទាំងប្រទេស ដែលអាចជាទុនជំនាញមួយសម្រាប់យុវជនកម្ពុជា ដែលសិក្សាត្រឹមកម្រិតថ្នាក់វិទ្យាល័យ ក្នុងការពិចារណាថា ត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬបង្កើតការងារដោយខ្លួនឯង ដូចជាការបើកអាជីវកម្មខ្លួនឯងជាដើម។

បើតាមលោក ហេង សួរ គម្រោងនេះ ធ្លាប់បានអនុវត្តនៅខេត្តកំពង់ចាម និងបន្តទៅខេត្តបន្ទាយមានជ័យ និងខេត្តដទៃទៀតបន្តបន្ទាប់ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ស្ព័តវិដេអូ ដែលអាចឲ្យយុវជនស្វែងយល់បន្ថែមដោយខ្លួនឯងបាន។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ រួមមាន UNDP UNECEF UNESCO គេហទំព័ររបស់ក្រសួងការងារ និងក្រសួងអប់រំ និងគេហទំព័ររបស់បណ្ដាញអង្គការសហប្រជាជាតិ៕