(ភ្នំពេញ)៖ ទីបំផុតទៅចលនាសង្គ្រោះជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្តឹងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយសារតែការធ្វើសកម្មភាព ខុសច្បាប់កម្ពុជា និងមានចរិតញុះញង់បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍកម្ពុជា តាមទម្រង់បដិវត្តន៍ពណ៌។ នេះគឺជាចំណាត់ការក្តៅគគុកប្រឆាំងនឹងចលនាក្បត់ជាតិ និងក្រុមជនក្បត់ជាតិ ទាំងក្នុង និងក្រៅប្រទេសដែលតែងតែព្យាយាមបំផ្លាញនូវកេរ្តិ៍ឈ្មោះកម្ពុជា និងផលប្រយោជន៍ជនរួមជាតិខ្មែរគ្រប់បែបយ៉ាង។

ចលនានេះមិនត្រឹមតែបង្កើត ឡើងដើម្បីដណ្តើមអំណាចពីក្រុម កឹម សុខា និយមក្នុងការប្រមូលកម្លាំង និងឡើងគ្រប់គ្រងតួនាទីនយោបាយសំខាន់ ក្នុងកម្លាំងបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធ្វើឱ្យគេចាប់ អារម្មណ៍និងអាចទាក់ទាញនូវប្រជាប្រិយភាពចលនានេះ បានធ្វើសកម្មភាពកាន់តែអាក្រក់ឡើងៗ ដូចជាការអំពាវនាវឱ្យឈប់ទិញទំនិញជាដើម ដែលនេះ ជាទង្វើវិច្ឆេទកម្មសេដ្ឋកិច្ចជាតិ ប្រឆាំងផលប្រយោជន៍ប្រជាជនកម្ពុជាដែលមិនអាចអត់ឱនបានឡើយ។

ការប្តឹងទៅលើសម រង្ស៊ី មេចលនាឧទ្ទាម និងសមាសភាពចលនានេះជាច្រើនគឺធ្វើឡើងបង្ហាញថា សម័យកាលនៃការចោទប្រកាន់ មួលបង្កាច់ បំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងញុះញង់ បំបែកបំបាក់ជាតិពីសំណាក់ក្រុមអ្នកនយោបាយបក្សប្រឆាំងដែល ធ្លាប់តែធ្វើតាមតែអំពើចិត្តរបស់ខ្លួន បានបិទបញ្ចប់ហើយ និងអ្នកដែលប្រព្រឹត្តិល្មើសត្រូវប្រឈមនឹងមុខច្បាប់។ ពួកគេនឹងបង់តម្លៃកាន់តែធំ នៅពេលដែលច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានព្រឹទ្ធសភាអនុម័ត និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។
រដ្ឋសភាអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ជាឯកច្ឆន្ទដោយសំឡេង ១២៣ លើ ១២៣ លើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញាទាំង៥ មាត្រាស្នើឡើងរាជរដ្ឋាភិបាលកម្ពុជា។ ប្រជាជនខ្មែរពិតជាគាំទ្រយ៉ាងពេញទំហឹងចំពោះការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះហើយ ក៏ដល់ពេលដែលយើងជាខ្មែរត្រូវរួមគ្នា ដើម្បីការពារព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើង និងចូលរួមការពារ លើកស្ទូយកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិផលប្រយោជន៍ជាតិកម្ពុជា និងគាំទ្រជានិច្ចចំពោះការអនុវត្តវិធានការច្បាប់ ប្រឆាំងនឹងក្រុមជនអគតិ ដែលបានជេរប្រមាថព្រះមហាក្សក្សត្រ និងបំផ្លាញផលប្រយោជន៍ជាតិ។

នាពេលកន្លងមក និងបន្តរហូតមកទល់នឹងសព្វថ្ងៃនេះ ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់បានធ្វើនយោបាយបំផ្លាញជាតិតាមរយៈការដើរអង្វរឱ្យបរទេសបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិនិងប្រជាជនដោយទទូចឱ្យបរទេសដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។ ពួកគេគំរាមកំហែងសព្វបែបយ៉ាងប្រឆាំងនឹង ជាតិ និងកម្ពុជាដោយមិនបានគិតពីសេចក្តីសុខរបស់ប្រជាជនឡើយ។ ក្នុងចិត្តរបស់ពួកគេប្រើសិនបើមិនមែនក្រុមខ្លួនដឹកនាំគ្រប់គ្រងប្រទេសទេ នោះអ្វីៗសុទ្ធតែអាក្រក់ទាំងអស់ ហើយអ្នកផ្សេង គ្មានសមត្ថភាពដូចខ្លួនឡើយ។ ប៉ុន្តែតាមពិត ខ្លួនឯងត្រឹមតែបក្ស មួយក៏រក្សាមិនបានលក្ខន្តិកៈបក្សសរសេរខ្លួនឯង អនុវត្តមិនត្រឹមត្រូវផង។ ដោយងប់នឹងក្តីសុបិន្តក្នុងភាពអស់សង្ឃឹម ក្នុងការណ្តើមអំណាចមួយថ្ងៃៗ ពួកគេបានដើរឱនក្បាលលត់ជង្គង់នៅចំពោះមុខជនបរទេស និងបានយកឯករាជភាព អធិបតេយ្យភាព និងបូរណភាពជាតិខ្មែរដាក់ក្រោមបាតជើង របស់បរទេសដោយគ្មានអៀនខ្មាស ដើម្បីបំពេញមហិច្ឆតាអំណាចគ្មានព្រំដែនរបស់ខ្លួន និងព្យាយាមប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងរំដោះជនក្បត់ជាតិ កឹម សុខា ចេញពីគុក។

ប៉ុន្តែពួកគេមិនទទួលបានជោគជ័យក្នុងការបំផ្លាញជាតិបន្តទៅទៀតទេ ដោយសារតែការដើរភូតកុហករបស់ពួកគេកាន់តែអស់ឥទ្ធិពល បរទេសខ្លះបានត្រឹមតែស្តាប់ចោលប៉ុណ្ណោះ ព្រោះពួកគេរវល់នឹងកិច្ចការនយោបាយរបស់ប្រទេសគេ និងម្យ៉ាងទៀតពួកគេជ្រិញ នឹងក្រុមអ្នកនយោ បាយប្រឆាំងក្រៅច្បាប់ដែលមានតែចរិតនៃការញុះញង់បំបែកបំបាក់ជាតិ។ បរទេសខ្លះបានត្រឹមបង្ហាញមុខយកល្អមើលប៉ុណ្ណោះ ព្រោះជាបក្សខ្លួនមានឡេងភាគតិច ឬមានតែ តំណាងរាស្ត្រពីរបីនាក់ មិនអាចជះឥទ្ធិពលដល់ការសម្រេចចិត្តណាមួយ របស់បក្សមតិភាគច្រើនឡើយ។ ម្យ៉ាងប្រទេសនីមួយៗត្រូវការទំនាក់ទំនងការទូតល្អជាមួយគ្នា ស្មើមុខនិងស្មើភាពគ្នាជាមួយប្រទេសផ្សេងទៀត ដូច្នេះការដាក់សម្ពាធនយោបាយ ឬទណ្ឌកម្មសេដ្ឋកិច្ចណាមួយ ត្រូវឆ្លងកាត់ដំណើរការនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យ។

នៅពេលនេះ កម្ពុជាមានសំណាញ់ច្បាប់រឹងមាំក្នុងការការពារជាតិ និងព្រះមហាក្សត្រខ្មែរ ការពារ និងទប់ស្កាត់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះចាប់ពី អំណេះតទៅ ក្រុមអ្នកនយោបាយបំផ្លាញជាតិ ក្បត់ជាតិ នឹងមិនអាចធ្វើអ្វីបានតាមតែចិត្តខ្លួននោះឡើយ។ នៅពេលពួកគេបង្កើនល្បឿនក្នុងការបំផ្លាញជាតិ ពួកគេក៏នឹងត្រូវប្រឈមមុខនឹង វិធានការច្បាប់កាន់តែខ្ពស់។ ពួកគេប្រឹងសាបព្រោះខ្យល់កាន់តែខ្លាំងពួកគេនឹងទទួលផលមកវិញនូវព្យុះភ្លៀងក្នុងសំណាញ់ច្បាប់ដោយមិនអាចគេចផុតឡើយ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨