(បន្ទាយមានជ័យ)៖ ដើម្បីដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ៨គ្រួសារ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យ និងមានជីវភាពទីទ័លក្រនៅក្នុងក្រុងសេរីសោភ័ណនោះ លោក​លី សារី ប្រធាន​កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរក្រុងសិរីសោភ័ណ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានយកអំណោយជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនពួកគេ។

លោក ​លី សារី​ បានថ្លែងថា អំណោយជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគទាំងនេះ កើតចេញពីការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋជួបការលំបាក ពោលរាល់ប្រជាពលរដ្ឋមានបញ្ហាកើតឡើងនៅតាមមូលដ្ឋាន គឺត្រូវចុះជួយភ្លាមៗតែភ្លាម។ លោកប្រធានសាខា បន្តថា អ្វីដែលពិសេសនោះ ការចុះជួយប្រជាពលរដ្ឋនេះមិនគិតនិន្នាការនយោបាយឡើយ​។

លោក លី សារី ក៏បានរំលឹកពីប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនាអាណិតស្រឡាញ់ មេត្តាករុណា ដ៏ជ្រាលជ្រៅ និងសូមសម្តែងការសោកស្តាយ ចំពោះ ការខូចខាតផ្ទះសម្បែងដោយសារតែអគីភ័យឆាបឆេះថ្មីនេះ និងសម្តែងការអាណិតអាសូរចំពោះគ្រួសារទីទ័លក្រចំនួន ៧គ្រួសារផងដែរ ។

សូមបញ្ជាក់ថា ពលរដ្ឋក្រីក្រ ៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ ១កេស ក្រណាត់ស ១ដុំ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររងគ្រោះដោយអគ្គិភ័យ ១គ្រួសារទទួលបានអង្ករ សង្ក័សី៤០សន្លឹក និងថវិកាមួយចំនួន ព្រមទាំងសំភារៈផ្សេងៗជាច្រើនទៀត៕