(ភ្នំពេញ)៖ បន្ទាប់ពី «Mercedes និងកំណប់អាថ៌កំបាំង» បានផ្សព្វផ្សាយព័ត៌មានយ៉ាងព្រោងព្រាតលើបណ្តាញព័ត៌មាន Fresh News និង ថ្មីៗ ពីដំណើរបេសកកម្មរបស់ខ្លួនឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ដោយបានរំលេចបង្ហាញពីសម្រស់ធម្មជាតិ និងអាកាសធាតុដ៏សែនមនោរម្យនោះ បានអន្ទងដួងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងឲ្យឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។

លោក ឈឺន ឈីម ប្រធានក្រុមនាំភ្ញៀវឡើងលេងលើភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១,៨១៣ម៉ែត្រនោះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចាប់តាំងពីដើមខែកុម្ភៈ មក ពោលគឺនៅក្រោយបេសកកម្មរបស់ «Mercedes និងកំណប់អាថ៌កំបាំង» មានអ្នកទេសចរជាជនជាតិខ្មែរ និងបរទេសសរុប៨ក្រុម ស្មើនឹង ៤៦នាក់ ក្នុងនោះបរទេស ២១នាក់ បានឡើងទៅលេងភ្នំឱរ៉ាល់។ លោក ឈីម បានចាប់អារម្មណ៍ថា ចំនួនអ្នកចាប់អារម្មណ៍ឡើងទៅកាន់ភ្នំឱរ៉ាល់ហាក់មានចំនួនច្រើនជាងមុន បន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយទៅ។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ដោយបន្លឺសំឡេងសើចតិច បង្ហាញពីភាពសប្បាយរីករាយផុសចេញពីក្នុងបេះដូងមកនោះ លោក ឈីម បានគូសបញ្ជាក់យ៉ាងដូច្នេះ «បាទបងបងប្អូនគាត់ចាប់អារម្មណ៍ឡើងភ្នំច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ប្រហែលមកពីបងៗបានផ្សព្វផ្សាយទើបបងប្អូនគាត់ចាប់អារម្មណ៍ឡើងភ្នំច្រើនជាងមុន។ ខ្ញុំបានចាត់ចែងបងប្អូនក្នុងភូមិជាច្រើនក្រុម ដើម្បីជូនពួកគាត់ឡើងទៅលើភ្នំ»

លោក ឈឺន ឈីម ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងពេលដែលក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» ឡើងទៅកាន់ភ្នំឱរ៉ាល់នៅចុងខែមករា កន្លងទៅថ្មីៗនេះថា របរជូនភ្ញៀវឡើងទៅកាន់ភ្នំឱរ៉ាល់នេះ បានធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងភូមិជាប់ជើងភ្នំឱរ៉ាល់ គឺភូមិស្រែកិន មានជីវភាពល្អប្រសើរជាងមុន ហើយបាននាំឲ្យពួកគាត់ប្តូរអាជីពពីការឡើងទៅកាប់ឈើតាមជើង ភ្នំផងដែរ។

លោក ឈីម អះអាងថា ក្រៅពីរកបានកម្រៃពីការជូនភ្ញៀវឡើងភ្នំក្នុងមួយថ្ងៃតម្លៃប្រមាណ ៣៥ដុល្លារហើយនោះ ពួកគាត់ថែមទាំងរកចំណូលបានពីការលក់ម្ហូបអាហារជូនថែមទៀងផង។ លោក ឈីម បានលួចបង្ហើបថា ក្នុងមួយខែគាត់អាចរកចំណូលជាមធ្យមប្រមាណជា ១ពាន់ដុល្លារ។

បើតាមលោក ឈីម មិនត្រឹមតែរូបលោកជាអ្នកជូនភ្ញៀវ និងលក់ម្ហូបអាហារឲ្យភ្ញៀវទេ ដែលទទួលបានផលពីភ្ញៀវដែលចូលចិត្តឡើងភ្នំឱរ៉ាល់នោះ បងប្អូនប្រជាពលរដ្ឋដទៃក៏ទទួលបានផលដែរ តាមរយៈការចិញ្ចឹមសត្វ និងដាំបន្លែសម្រាប់ធ្វើម្ហូបអាហារជូនភ្ញៀវ។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» រៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុនចែកចាយរថយន្តដ៏ល្បីនៅលើពិភពលោករបស់អាល្លឺម៉ង់ គឺរថយន្ត Mercedes Benz សហការជាមួយបណ្តាញព័ត៌មាន Fresh News និង ថ្មីៗ បាននាំគ្នាបំបែកកំណត់ត្រាឡើងទៅកាន់ភ្នំខ្ពស់ជាងគេនៅកម្ពុជា។ ព័ត៌មានពាក់ព័ន្ធតំបន់ទេសចរណ៍ភ្នំឱរ៉ាល់រុំក្រសោបដោយសម្រស់ព្រៃព្រឹក្សាគិរីបុព្វតាដ៏ស្រស់ត្រកាលត្រូវបានតំលេចឡើងយ៉ាងព្រោងព្រាតលើបណ្តាញព័ត៌មាន Fresh News និងថ្មីៗ។

តាមរយៈការផ្សព្វផ្សាយនេះ បានអន្ទង និងញ៉ាំងដួងចិត្តពលរដ្ឋខ្មែរកាន់តែច្រើនឡើងឲ្យចង់បំបែកកំណត់ត្រាឡើងទៅភ្នំឱរ៉ាល់ទីដ៏ខ្ពស់ជាង គេនៅកម្ពុជា និងដើម្បីបានស្រូបយកនូវបរិយាកាសធម្មជាតិដ៏សែនបរិសុទ្ធ ជាពិសេសបានទទួលអាកាសធាតុត្រជាក់ស្រួលខ្លួន។

ដំណើរ ឡើងទៅកំពូលភ្នំឱរ៉ាល់របស់ «Mercedes និងកំណប់អាថ៌កំបាំង» ក៏ទទួលបានការស្ញប់ស្ញែង និងកោតសរសើរពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។ លោក ថោង ខុន បានចាត់ទុកការធ្វើដំណើរទៅដល់កំពូលភ្នំឱរ៉ាល់ និងផ្សព្វផ្សាយពីសក្តានុពលទេស ចរណ៍នៅតំបន់នោះ គឺជាការរួមចំណែកផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍របស់កម្ពុជា ហើយក៏ជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជើងភ្នំឱរ៉ាល់ផងដែរ។

ទោះបីកិត្តិនាមដ៏ល្បាញល្បី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃភ្នំឱរ៉ាល់ជាប្រភពទាក់ទាញអ្នកទេសចរយ៉ាងណាក្តី តែស្ថានភាពផ្លូវពីថ្នល់ជាតិចូលទៅកាន់ភូមិស្ថានរបស់ប្រជាពលរដ្ឋ ដែលមានស្ថានភាពដីសែនលំបាកនៅតែជាឧបសគ្គមួយនាំឲ្យភ្ញៀវរារែកចិត្ត។ លោក ឈីម នៅតែទទូចសុំឲ្យមានការជួយសាងសង់ផ្លូវពីថ្នល់ជាតិទៅកាន់ភូមិស្ថានប្រជាពលរដ្ឋប្រវែងជិត ២០គីឡូម៉ែត្រឲ្យបានល្អប្រសើរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរទៅកាន់ភ្នំឱរ៉ាល់កាន់តែច្រើនថែមទៀត។

សូមរំលឹកផងដែរថា ពីរាជធានីភ្នំពេញទៅដល់ភូមិស្ថានប្រជាពលរដ្ឋនៅជើងភ្នំឱរ៉ាល់ គឺភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណតែ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ៕