(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការលាលែងចេញពីនយោបាយរបស់ លោក Bill English ប្រធានគណបក្ស National Party ដែលជាគណបក្សប្រឆាំងធំបំផុត នៅប្រទេសនូវែលហ្សេឡង់ ដែលចាញ់រយៈពេល២៧ឆ្នាំមកនេះ គឺជាគំរូល្អមួយសម្រាប់លោក សម រង្ស៊ី។

លោក សុខ​ ឥសាន បានអះអាងថា ដោយសារតស៊ូច្រេីនឆ្នាំ មិនបានសម្រេចផលឈ្នះឆ្នោត ទេីបលោក Bill English បានសុំលាឈប់ពីប្រធានគណបក្សប្រឆាំងមួយនេះ ដេីម្បីទៅប្រកបរបររកសុីជាឯកជនវិញ។ នេះជាគំរូល្អណាស់សម្រាប់អ្នកនយោបាយ បេីប្រកួតប្រជែងមិនឈ្នះគេហេីយ ត្រូវតែក្លាហានលាឈប់ដោយខ្លួនឯងទេីបជាការល្អ។

លោកបានបន្តថា «ដូច្នេះ ទណ្ឌិត សម រង្សី នៅក្រាញចង់តតាំងអីទៀត បេីបរាជ័យជាង២០ឆ្នាំ តាំងពីនៅមានតួនាទីក្នុងស្រុក រហូតបរាជ័យអស់គូថខោរត់ទៅនីរទេសខ្លួនកណ្តោចកណ្តែងឯនាយសមុទ្រ ហេីយនៅតែតាមព្យាបាទប្រទេសកម្ពុជា និងប្រជាជនកម្ពុជាតទៅទៀត ដោយមិនចេះខ្មាស់អៀនទាល់តែសោះ។ គួរតែសម រង្សី រៀនសូត្រនិងយកគំរូតាមលោក Bill English ទៅរកសុីលក់នំបុ័ងអីតាមចិញ្ចេីមថ្នល់ ទេីបត្រឹមត្រូវ»។

មេដឹកនាំ​គណបក្សប្រឆាំង​ដ៏ធំបំផុត​ របស់ប្រទេស​នូវែលសេឡង់ លោក បៀល អ៊ីងគ្លីស (Bill English) បានប្រកាសកាលពីថ្ងៃអង្គាថា លោកបានសម្រេច​ចិត្តថា នឹងដើរចេញពីការងារនយោបាយ​នៅដំណាច់​ខែកុម្ភៈនេះ។ យោងតាម​លោក Bill English ការសម្រេចចិត្ត​បែបនេះ ធ្វើឡើងក្រោមហេតុផល​ផ្ទាល់ខ្លួន គឺលោកចង់ធ្វើ​តាមបណ្ដាមេដឹកនាំ​របស់លោក​មុនៗ និងដើម្បីចូលរួម​ប្រឡូកក្នុងការ​ធ្វើជំនួញ។ លើសពីនេះ​ទៅទៀត លោក English ក៏ត្រូវបានគេរំពឹងដែរថា​ នឹងថ្លែង​សុន្ទរកថា​​ជាលើកចុងក្រោយ ​ទៅកាន់សភា​នៅថ្ងៃទី០១ ខែមីនា។

គួរបញ្ជាក់ថា ក្រោយបម្រើ​ការងារអស់រយៈពេល ២៧ឆ្នាំ ក្នុងឆាក​នយោបាយ លោក English បាន​ដឹកនាំ គណបក្ស National Party ដោយទទួល​បានសំឡេង​គាំទ្រជាង ៤៤.៤ភាគរយ នៅក្នុងការ​បោះឆ្នោត​កាលពី​ខែកញ្ញា កន្លងទៅ៕