(ភ្នំពេញ)៖ ក្នុងសង្គមពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្នការស្វែងរកឱកាសការងារមិនមែនជារឿងងាយស្រួលនោះឡើយទាំង និស្សិតកំពុងសិក្សា ក៏ដូចជាបញ្ចប់ការសិក្សា ប្រសិនបើពួកគេមិនប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងមិនបានយល់ដឹងពីទីផ្សារការងារឲ្យបានទូលំទូលាយទេនោះ។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជាសាកលវិទ្យាល័យមួយ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការស្វែងរកឱកាសការងារជូន និស្សិតរបស់ខ្លួន ក្រៅពីប្រឹងប្រឹងបណ្តុះបណ្តាលលើមុខវិជ្ជាដែលនិស្សិតបានជ្រើសរើសហើយនោះ សាកលវិទ្យាល័យតែងតែបានបើកវេទិកា និងរៀបចំបទបង្ហាញនានា ដើម្បីចែករំលែកនូវបទពិសោធន៍នានាទាំងការស្វែងរកឱកាសការងារ និងគន្លឹះដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យទទួលបានជោគជ័យនៅក្នុងជីវិត ដោយបាននាំយកនូវអ្នកជំនាញ ក៏ដូចជាអ្នកជោគជ័យក្នុងជីវិតមកចែករំលែកនូវបទពិសោធន៍។

នៅសប្តាហ៍នេះ សាកលវិទ្យាល័យ CUS បានសហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា រៀបចំធ្វើបទបង្ហាញផ្សព្វផ្សាយស្តីពី «ការធ្វើឲ្យទទួលបានជោគជ័យឱកាសការងារ និងការអភិវឌ្ឍខ្លួនសម្រាប់អនាគត» ដល់និស្សិត ដើម្បីជួយដល់ពួកគេពង្រឹងសមត្ថភាពជំនាញសិក្សាស្រាវជ្រាវ សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណល្អប្រពៃរបស់ខ្លួនបន្ថែមទៀត។

ក្នុងវេទិកាដែលមាននិស្សិតចូលរួមជាង ២០០នាក់នោះ លោក យី សាគុណ អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិធនធានមនុស្ស និងលោក គង់ កុសល នាយកប្រតិបត្តិទីផ្សារនិងអភិវឌ្ឍន៍ផលិតផល បានលើកបង្ហាញអំពីធនាគារប្រៃសណីយ៍ និងឱកាសការងារ។ ដោយទាំងពីរបានលើកបង្ហាញអំពីវឌ្ឍនភាពរបស់ធនាគារ ផលិតផល និងសេវាកម្មរបស់ធនាគារ រចនាសម្ព័ន្ធគ្រប់គ្រង ធនធានមនុស្ស និងឱកាសការងារ ឱកាសដែលធនាគារផ្តល់ជូន ការត្រៀមខ្លួនដើម្បីទទួលឱកាសការងារជាមួយធនាគារ។

ឱកាសការងារដែលមានតម្រូវការមានដូចជា មន្រ្តីគ្រប់គ្រងហានិភ័យ (Risk Officer) សវនករផ្ទៃក្នុង (Internal Auditor) មន្រ្តីឥណទាន(Credit Officer) បេឡាធិការ (Teller) មន្រ្តីបម្រើសេវាកម្មអតិថិជន (Customer Service) មន្រ្តីឥណទាន មន្រ្តីឥណទានជាន់ខ្ពស់ មន្រ្តីទំនាក់ទំនង និងបុគ្គលិកផ្សេងទៀត។

ដោយឡែកលោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានលើកឡើងថា មនុស្ស គឺជាទ្រព្យ មានមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ មានន័យថាមានទ្រព្យជាប់នឹងខ្លួន។ លោកសាកលវិទ្យាធិការរងបានសង្កត់ធ្ងន់ថា ការសិក្សាគឺជាការបណ្តាក់ទុន និងជាស្ពានសម្រាប់កសាងអនាគតរបស់ខ្លួន ដូចនេះការសិក្សាពិតជានឹងជួយឲ្យខ្លួនឯងអាចសម្រេចបានអនាគត និងជីវភាពរស់នៅដ៏ប្រសើរ។

លោកបណ្ឌិត បានធ្វើការសន្និដ្ឋានជារួមថា ការធ្វើឲ្យទទួលបានជោគជ័យឱកាសការងារនិងការអភិវឌ្ឍខ្លួនសម្រាប់អនាគត និស្សិតត្រូវតែមានចំណេះដឹង ហើយចេះយកចំណេះដឹងដែលទទួលបានក្នុងពេលសិក្សាគួបផ្សំជាមួយបទពិសោធន៍ដែលទទួលបានពីការអនុវត្តការងារនៅតាមបណ្ដាស្ថាប័នរដ្ឋ ស្ថាប័នឯកជននានា ត្រូវយកឱកាសនេះប្រឹងប្រែងយកចិត្តទុកដាក់ បំពេញការងារដោយស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ រួមនឹងគំនិតច្នៃប្រឌិតបន្ថែម ស្របតាមស្ថានភាព និងកាលៈទេសៈជាក់ស្ដែង។

«ភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយម សុច្ឆន្ទៈ បានប្រសូត្រក្នុងសន្តានចិត្តយើងឲ្យក្លាយទៅជាកម្លាំងចលករក៏ស្រួចស្រាលជំរុញឲ្យយើងអាចនឹងឈានទៅសម្រេចនូវគោលដៅ ជាការកំណត់នូវដំណើរនៃការសិក្សា និងការចាប់យកអាជីពការងារដ៏សំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងការរស់នៅ។ យ៉ាងណាមិញបុគ្គលម្នាក់បន្ទាប់ពីរូបសម្បត្តិល្អហើយ ក៏ចាំបាច់ត្រូវមានចំណេះដឹងជំនាញច្បាស់លាស់តាមស្ថានភាពតម្រូវការរបស់ក្រុមហ៊ុន ឬស្ថាប័ននិងទៅតាមទីផ្សារការងារបច្ចុប្បន្ន»។ លោកបណ្ឌិត សឿ យ៉ាន បានគូសបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មាន៨ទីតាំង ក្នុងនោះ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅតាមបណ្តាខេត្តរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។

សាកលវិទ្យាល័យ កសាងបាននូវធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ មានសមត្ថភាពវិជ្ជាជីវៈនិងបុគ្គលិកលក្ខណសម្បត្តិល្អ ក្រោយពីទទួលបានការបណ្តុះបណ្តាល និងបានក្លាយជាធនធានប្រកបដោយប្រឌិតញាណ និងគុណបញ្ញាសម្រាប់កសាងសង្គមជាតិ វប្បធម៌ជាតិ និងឆ្ពោះទៅកសាងកិត្តិនាមឆ្នើមក្នុងឆាកជាតិ និងអន្តរជាតិ ហើយសាកលវិទ្យាល័យ បានខិតខំប្រឹងប្រែងបន្តបណ្តុះបណ្តាល បង្វឹក ស្រាវជ្រាវ ពិសោធន៍ លើកទឹកចិត្ត ជំរុញអនុវត្តដើម្បីឱ្យនិស្សិតមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានកាយសម្បទាល្អ រឹងមំា រូបសម្បត្តិ និងចរិយាសម្បត្តិល្អ មានស្មារតីឧស្សាហ៍ព្យាយាម សន្សំសំចៃច្នៃប្រឌិតខ្ពស់ប្រកបដោយវិន័យ។

ក្រៅពីនេះ សាកលវិទ្យាល័យ ព្យាយាមរិះរកមធ្យោបាយជួយឧបត្ថម្ភ គាំទ្រដល់និស្សិត តាមរយៈ ការផ្តល់ជាអាហារូបករណ៍ឬការបញ្ចុះថ្លៃសិក្សាចំពោះ មន្ត្រីរាជការ បុគ្គលិកតាមក្រុមហ៊ុន ព្រះសង្ឃ និងសិស្ស-និស្សិតដែលមានបំណងចង់បន្តការសិក្សាបន្តថែមទៀត តែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយក៏ដូចជាពេលនេះដែរ សាកលវិទ្យាល័យបានសហការណ៍ជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ដើម្បីធ្វើការផ្តល់ឥណទានសិក្សាដល់និស្សិតដែលមានអត្ថប្រយោជន៍បំផុត៕