(ភ្នំពេញ)៖ បន្ទាប់ពីអនុម័តទាំងស្រុងលើ សេចក្តីព្រាងសំខាន់ៗចំនួន២រួចហើយនោះ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។

ការអ​នុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប។ សមាជិករដ្ឋសភាទាំង១១៧រូប បានអនុម័តគាំទ្រដល់សេចក្តីព្រាង វិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។

ការរៀបចំធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះត្រូវបានកំណត់ថាជាសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើក ដែលនាំឱ្យសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានការប្រែប្រួលខ្លះៗទៅតាមការកំណត់របស់ច្បាប់នេះ ដែលទាមទារឲ្យមានការធ្វើវិសោធនកម្មទៅលើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លើយតបនឹងបរិការណ៍ខាងលើ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានអនុម័ត និងប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧។

លោក ផៃ ស៊ីផាន បានបន្តទៀតថា បន្ថែមជំពូកទី១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០២ ចុះថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៥ បានជំរុញឱ្យរដ្ឋសភា និងព្រឹទ្ធសភាអនុម័តច្បាប់ថ្មីៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ច របស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការពិនិត្យ និងសម្រចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានការពាក់ព័ន្ធជាមួយនឹងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបទបញ្ញត្តិនៃច្បាប់នេះ បានពន្លាតសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការពិនិត្យ និងសម្រេចទៅលើបណ្ដឹងរបស់បុគ្គល ដែលទទួលរងឥទ្ធិពលពីសេចក្ដីសម្រេចអំពីទណ្ឌកម្មដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ម៉្យាងទៀត ដោយយោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជកក្រមលេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញលែងមានសមត្ថកិច្ចសម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃបដិសេធ មិនព្រមចុះបញ្ជីគណបក្សនយោបាយទៀតហើយ៕