(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាអគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគមួយចំនួន ដល់កងវរសេនាតូចលេខ១ ដែលកំពុងឈរជើងការពារទឹកដីនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនប្រទេសថៃ ហើយក្នុងនោះដែរ អគ្គិសនីកម្ពុជា ក៏បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពផ្លូវការ ជាមួយកងវរសេនាតូចលេខ១ផងដែរ ដើម្បីជាកាដូដ៏ពិសេសក្នុងទិវានៃសេចក្ដីស្រលាញ់ ១៤ កុម្ភៈ។

លោក កែវ រតនៈ បានលើកឡើងថា ផ្លូវជាតិលេខ៥៥ ធ្លាប់ជាតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ប៉ុន្តែពេលបច្ចុប្បន្នតំបន់នេះកំពុងត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខិតខំប្រែក្លាយឲ្យទៅជាតំបន់សន្តិភាព ការអភិវឌ្ឍ និងការសហការជាមួយប្រទេសជិតខាង ដោយស្មើភាព និងស្មើសិទ្ធិ។

មិនតែប៉ុណ្ណោះលោក កែវ រតនៈ ថែមទាំងបានចុះពិនិត្យការផ្គត់ផ្គង់អគ្គិសនី នៅស្រុកវាលវែងទាំងមូល ដើម្បីធ្វើយ៉ាងណាសម្រេចឲ្យបាននូវការផ្គត់ផ្គង់អគ្គិសនី ដល់គ្រប់ផ្ទះប្រជាពលរដ្ឋ ក្នុងនោះលោកបានសន្យាថានឹងបន្ថែមការវិនិយោគលើការងារនេះ។

លោកបានបន្ថែមថា ផ្លូវ និងភ្លើងលើកំណាត់ផ្លូវជាតិលេខ៥៥នេះ ជាការផ្លាស់ប្តូរវិជ្ជមានមួយទៀត និងជាក់ស្តែង ដែលផ្ដល់ប្រយោជន៍ធំធេង និងវែងឆ្ងាយ សម្រាប់ប្រជាជាតិខ្មែរ ព្រោះផ្លូវនេះនឹងបើកច្រកអន្តរជាតិមួយទៀត សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខ្មែរ និងថៃ។

សូមជម្រាបថា កងវរសេនាតូចលេខ១ ជាអង្គភាពប្រដាប់អាវុធទី៤ ដែលអគ្គិសនីកម្ពុជាបានទទួលយកជាសម្ព័ន្ធមេត្រីភាព៕