(ភ្នំពេញ)៖ ថ្ងៃទី​១៤ ខែកុម្ភៈនេះ ជាថ្ងៃទិវានៃសេចក្តីស្រឡាញ់ ឬ «Valentine's Day ដែលនៅថ្ងៃនេះសង្កេតឃើញថា មានយុវជនមួយចំនួន​បាន​រៀបចំកាដូ ក៏ដូចជាផ្កាកុលាបស្អាតៗ ទុកបម្រុងជូនមនុស្សពិសេសដូចជា ឪពុកម្ដាយ, លោកគ្រូអ្នកគ្រូ,បងប្អូន, មិត្តភក្ដិ និងគូសង្សារជាដើម។ ប៉ុន្ដែ​ក្នុងនោះ ក៏មានយុវជន-យុវនារីមួយចំនួន​មិនគិតគូរ ឬយកចិត្តទុកដាក់ ចំពោះ​ទិវានៃក្ដីស្រលាញ់នេះឡើយ ដោយម្នាក់ៗលើកឡើងថា ១៤កុម្ភៈ គ្រាន់តែជាទិវាក្ដីស្រលាញ់អន្ដរជាតិធម្មតាមួយតែប៉ុណ្ណោះ មិនមែនជាបុណ្យជាតិ ឬបុណ្យអន្ដរជាតិធំៗនោះឡើយ ហើយទិវានេះទៀតសោធក៏មិនតម្រូវឲ្យ ពលរដ្ឋកម្ពុជាគួរតែប្រារព្ធដែរ។

ខណៈកំពុងតែអង្គុយពិភាក្សាគ្នា ពីគម្រោងទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ យុវជនឈ្មោះ ថាណុន និស្សិតសាកលវិទ្យា​ល័យ ភូមិន្ទនិតិសាស្រ្ដា និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច បានឲ្យដឹងថា សម្រាប់ថ្ងៃ១៤កុម្ភៈនេះ គ្រាន់តែជាទិវានៃក្ដីស្រលាញ់មួយនៅបរទេស​តែប៉ុណ្ណោះ តែសម្រាប់កម្ពុជាបើមានអ្នកចង់ប្រារព្ធក៏អាចប្រារព្ធបាន ដោយប្រារព្ធជាមួយមិត្តភក្ដិ, ឪពុកម្ដាយ មិនសំដៅតែទៅលើគូសង្សានោះឡើយ។

លោកបានបញ្ជាក់ទៀតថា «ក្រៅពី១៤កុម្ភៈទិវានៃក្ដីស្រលាញ់ យើងក៏អាចប្រារព្ធក្ដីស្រលាញ់ទៅដល់ឪពុកម្ដាយ, បងប្អូន, មិត្តភក្ដិ ខុសពីថ្ងៃនេះបានដូច​គ្នា និយាយដោយខ្លីទិវាបុណ្យនៃក្ដីស្រលាញ់ជាថ្ងៃធម្មតា ជាបុណ្យអន្ដរជាតិ ហើយក៏មិនមែនជាបុណ្យអន្ដរជាតិធំនោះដែរ ហើយប្រជា​ពលរដ្ឋកម្ពុជាក៏មិនចាំបាច់ត្រូវ តែប្រារព្ធនោះឡើយ»។

កញ្ញា ស្រស់ ស្រីពេជ្រ និស្សិតមកពីសាកលវិទ្យាអាស៊ីអឺរ៉ុប ក៏បានឲ្យដឹងដែរ «ខ្ញុំហាក់ដូចជាមិនជ្រើមជ្រួល ទៅលើបុណ្យក្ដីស្រលាញ់នេះផង។ ខ្ញុំគិត​ថាវាអត់មានអីសំខាន់ ដូចឃើញស្រាប់ចឹងថ្ងៃនេះខ្ញុំធ្វើការ និងរៀនធម្មតា ដូចជាមិនមែនជាថ្ងៃពិសេសអីផង ព្រោះថា​បើទិវានេះ​ជាថ្ងៃសំខាន់ម្ល៉េះ​សាលារៀន និងកន្លែងធ្វើការគេប្រាកដជាឲ្យឈប់ពុំខាន។ សម្រាប់មតិខ្ញុំគិតថា ទិវានេះមានក៏មានចុះ តែពុំចាំបាច់អ្នកទាំងអស់គ្នា ឬពលរដ្ឋកម្ពុជាត្រូវតែប្រារព្ធវាឡើយ ប្រសិន​បើអ្នក​ខ្លះប្រារព្ធ សូមធ្វើដោយផ្លូវវិជ្ជាមាន សូមកុំធ្វើឲ្យក្លាយទៅជាវិប្បដិសារីនៅថ្ងៃខាងមុខ»

កញ្ញា ហេង នីទី និស្សិតសាកលវិទ្យាល័យកម្ពុជា ក៏បានឲ្យដឹងដែរថា ទិវានៃក្ដីស្រលាញ់នេះ មិនមែនជាទិវាសំខាន់នោះឡើយ ព្រោះ​អីមិនមែនជា​វប្បធម៌របស់ជាតិ ដែលមានតាំងពីបុរាណដូចជា បុណ្យចូលឆ្នាំខ្មែរ, ចូលឆ្នាំសាកល, ចូលឆ្នាំចិន, ភ្ជុំបិណ្ឌ និងបុណ្យដទៃទៀតឡើយ។ ក្រៅពីថ្ងៃ​ទី​១៤កុម្ភៈ យើងអាចនាំគ្នាជូនផ្កា, កាដូ ទៅដល់ឪពុកម្ដាយ មិត្តភក្ដិ បងប្អូន បានដូចគ្នាដែរ មិនមែនមានន័យថា ទាល់តែ​ថ្ងៃបុណ្យនៃក្ដីស្រលាញ់ ទើបអាចជូនបានឡើយ។

ជាមួយគ្នានោះលោក ជាង ហៃ និស្សិតមកពីសាកលវិទ្យាល័យព្រះកុសមៈ បានថ្លែងឲ្យដឹងដែរថា ទិវានេះល្អ ប្រសិនបើយើងប្រើប្រាស់​ទៅលើផ្លូវត្រូវ តែវាក៏មិនសូវជាចាំបាច់ប៉ុន្មានដែរ ដែលយើងគួរតែប្រារព្ធនោះ ព្រោះវាមិនមែនជាបុណ្យជាតិនោះឡើយ។

លើសពីនេះទៅទៀតនោះ ក្រុមនិស្សិតតាមសាកលវិទ្យាល័យមួយចំនួន នៅរាជធានីភ្នំពេញ ថែមទាំងបានចាត់ទុកថា ថ្ងៃ១៤កុម្ភៈ ដែលយុវវ័យមួយចំ​នួនច្រឡំជាថ្ងៃបុណ្យសង្សារនោះ កំពុងធ្វើឲ្យប៉ះពាល់វប្បធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយក្រុមនិស្សិតទាំងនោះ​ បានអំពាវនាវ ឱ្យយុវវ័យខ្មែរទាំងអស់ កុំបណ្តោយខ្លួនជ្រួលជ្រើមវប្បធម៌នេះ កុំឱ្យមានវិប្បដិសារី ទៅថ្ងៃខាងមុខ។

មូលហេតុនៃការលើកឡើងដូច្នេះ ព្រោះនិស្សិតទាំងនោះ ដោយសារតែពួកគេ បានសង្កេតឃើញថា យុវវ័យខ្មែរសព្វថ្ងៃកំពុងភ្លើតភ្លើន នឹងវប្បធម៌បរទេស បានចាត់ទុកទិវានៃក្តីស្រឡាញ់ថាជាបុណ្យសង្សារ។ យុវវ័យទាំងនោះបានយកថ្ងៃនោះ ទៅប្រព្រឹត្តទង្វើមិនគប្បី ពោលគឺមានមនុស្សមួយចំនួនតូច ស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យគ្នា ដើម្បីបញ្ជាក់ពីការស្រឡាញ់។

ថ្លែងមកកាន់អ្នកសារព័ត៌មាន Fresh News និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ គឺយុវនិស្សិត គីម លីហ៊ាង បានឲ្យដឹងថា វាមិនមែនជារឿងល្អទេ ដែលយុវ័យខ្មែរយើងមួយចំនួន យកទិវានៃក្តីស្រឡាញ់ថាជាថ្ងៃបុណ្យសង្សារនោះ ហើយប្រការនេះ វាធ្វើឲ្យពួកគេបបួលគ្នាធ្វើរឿងខុសឆ្គងដូចជាផ្តល់ ខ្លួនប្រាណឲ្យគ្នាជាដើម។

និស្សិតរូបនេះបានបញ្ជាក់ថា «តាមពិតទិវានេះវាមិនអាក្រក់ទេ បើយើងយកវាទៅបង្កើតទង្វើល្អ ដូចជាទិញរបស់ជូនគ្រួសារ ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបង្ហាញក្តីស្រឡាញ់ តែវាមិនល្អទេ ហើយធ្វើឲ្យវប្បធម៌ខ្មែរយើងប៉ះពាល់ខ្លាំងណាស់ បើយុវវ័យយើងឆ្គាំឆ្គង ផ្លាស់ប្តូរខ្លួនគ្នា ដើម្បីបញ្ជាក់ក្តីស្រឡាញ់នោះ»

ជាមួយគ្នានេះ ក៏មាននិស្សិតឆ្នាំទី២ម្នាក់ទៀត នៃសាកលវិទ្យាភូមិន្ទភ្នំពេញ ផ្នែកសង្គមវិទ្យា គឺយុវតី ស្រីណា បានលើកឡើងស្រដៀងគ្នាថា ថ្ងៃ១៤កុម្ភៈ ធ្វើឲ្យយុវវ័យ ធ្វើសកម្មភាពមិនត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់វប្បធម៌ខ្មែរ។

កញ្ញាបានបន្តថា «ចាស! ប៉ះពាល់ និយាយទៅដោយសារវប្បធម៌ខ្មែរយើង សូម្បីតែអ្នកដែលគាត់ពីមុនមក ពួកគាត់ជាគូរដណ្តឹងនឹងគ្នា មិនដែលទាំងឃើញមុខគ្នាផង។ តែឥឡូវពួកយើងដូចបើកសេរីពេក គាត់អត់សូវគិត ភាគច្រើនគាត់ទទួលយកវប្បធម៌ពីបរទេសច្រើន ការទទួលនេះវាមិនត្រឹមត្រូវទេ»

និស្សិតឆ្នាំទី២ម្នាក់ទៀត នៃវិទ្យាស្ថានវ៉ាន់ដា ដែលកំពុងសិក្សាផ្នែកគណនេយ្យ កញ្ញា សៀក លឺ បានលើកឡើងដែរថា វប្បធម៌ថ្ងៃបុណ្យនៃក្តីស្រឡាញ់ គេបង្កើតឡើងសម្រាប់បង្ហាញសេចក្តីស្រឡាញ់មិនមែន ចំពោះសង្សារឡើយ តែស្រទាប់យុវវ័យកម្ពុជាបានភ្លើតភ្លើន រហូតលះបង់ខ្លួនប្រាណឲ្យគ្នាទៀត ដែលទង្វើនេះធ្វើឲ្យប្រពៃណីខ្មែរកាន់តែថយចុះ។

យុវតីបានឲ្យដឹងទៀតថា «វាអត់ត្រឹមត្រូវទេ ព្រោះវាមិនមែនជាថ្ងៃបុណ្យជាតិយើង ហើយក៏មិនមែនជាថ្ងៃដែលសំខាន់ សម្រាប់ប្រជាជនខ្មែរដែរ សូម្បីតែអ្នកខ្លះអត់ដឹងថា ដើមកំណើតនៃទិវានេះ កើតឡើងដោយរបៀបណាផង តែបែរជាយកថ្ងៃនោះធ្វើឲ្យខូចអត្តសញ្ញាណជាតិទៅវិញ ពោលគឺ «ទុំមុនស្រគាល»

បន្ថែមលើនេះ និស្សិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ទៀត យុវតី សយ ស្រីពេជ្រ ក៏បានឲ្យដឹងថា សម្រាប់ពួកគាត់ការបង្ហាញក្តីស្រឡាញ់នៅថ្ងៃ១៤កុម្ភៈ មិនមានអីធំដុំទេ ពួកគាត់មានត្រឹមឲ្យស្ករគ្រាប់គ្នាប៉ុណ្ណោះ។
កញ្ញាបានថ្លែងថា «យុវវ័យយើងអាចបង្ហាញក្តីស្រឡាញ់គ្នាបាន តែមិនមែនមានតែថ្ងៃ១៤កុម្ភៈទេ ម្យ៉ាងទៀតក៏មិនត្រូវធ្វើអ្វីដែលប៉ះពាល់ប្រពៃណីខ្មែរដែរ។... វាប៉ះពាល់ណាស់សម្រាប់មនុស្សដែលថា ភ្លើតភ្លើនអត់ចេះគិត វាប៉ះពាល់មួយចំនួនតូច។ និយាយទៅឃើញមួយចំនួនតូច ហើយឃើញផ្ទាល់ភ្នែក»

សម្រាប់កញ្ញា ស្រីណា បានសំណូមពរដល់យុវវ័យខ្មែរ សូមឲ្យពួកគាត់ចេះថែរក្សាប្រពៃណី ត្រូវចេះគិតគូរឲ្យបានខ្លាំងថា ទង្វើណាត្រូវ ទង្វើណាមិនត្រឹមត្រូវ។

កញ្ញបានថ្លែងសង្កត់ធ្ងន់ៗថា «ចង់ឲ្យពួកគាត់ថែរក្សាវប្បធម៌យើង មិនមែនថា វប្បធម៌គេសុទ្ធតែអាក្រក់ទេ តែយើងគួរចេះគិតថាវប្បធម៌មួយណាដែលល្អ វប្បធម៌មួយណាដែលអាក្រក់ អីដែលយើងគួរតែទទួលយក ហើយអីដែលយើងអត់គួរទទួលយក»

ស្របពេលថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ, ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សុភាពនារីទាំងឡាយ នៅក្នុងប្រទេសកម្ពុជាថា សូមកុំប្រគល់ខ្លួនឲ្យបុរសជាសង្សា នៅថ្ងៃ​បុណ្យនៃក្ដីស្រលាញ់នេះឲ្យសោះ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ។ ការផ្ដាំផ្ញើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកល វិទ្យាល័យវេស្ទើន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្ដាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈដែលជាទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentine's Day) ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។

លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បានឲ្យដឹងផងដែរថា នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ទិវានេះបានធ្វើឲ្យយុវវ័យខ្លះភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ប្រាសចាកពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិ ដែលបុព្វបុរសខ្មែរ បានបន្សល់ទុកជាយូរលង់ណាស់មកហើយ។

ដើម្បីការពារ ថែរក្សានូវវប្បធម៌ និងប្រពៃណីរបស់ខ្លួន ក្រសួងអប់រំ យុវជន កីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សា​ សាធារណៈ និង​ឯកជនចំនួន៤ចំណុច ដូចខាងក្រោម៖

១៖ ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់ (Valentine's Day)។

២៖ ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃ ក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឹងម៉ាក់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។

៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដសកម្មភាព «មិត្ដអប់រំមិត្ដ»។

៤៖ ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

ការពិតទៅ ថ្ងៃ១៤ ខែកុម្ភៈនេះ មិនមានជាថ្ងៃបង្ហាញក្តីស្រលាញ់ ឬថ្ងៃសង្សានោះទេ ប៉ុន្តែគឺជាថ្ងៃរំលឹកដល់ការស្លាប់របស់យុទ្ធជនម្នាក់ឈ្មោះ Valentine នៅក្នុង​សតវត្សរ៍​ទី​៣ នៅក្នុង​សម័យ​រ៉ូម​។ នា​អំឡុងពេល​កល​យុគ្គ ក្នុង​ទីក្រុង​រ៉ូម រដ្ឋាភិបាល​អ៊ីតាលី ដែលលំបាក​ក្នុងការ​កែនទ័ព ដោយសារ​ពួកបុរសៗមិន​ចង់ឃ្លាតពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់ និង​គ្រួសារ​ពួកគេ។ ដូច្នេះ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​រំសាយ​ចោល​នូវ​ការ​រៀបការ និង​ពិធី​ភ្ជាប់ពាក្យ​ទាំងអស់​នៅក្នុង​ទីក្រុង​រ៉ូម។ នា​គ្រិស្តសករាជ២៦៩ មាន​​គ្រិស្តសាសនិក​ម្នាក់ Valentine បានល្មើសនឹងច្បាប់ដោយជួយ​រៀប​អាពាហ៍ពិពាហ៍​ដល់​គូស្នេហ៍​វ័យក្មេង​ជាសម្ងាត់។ បន្ទាប់ពីរឿងនេះ​ត្រូវបាន​គេដឹង ​លោក Valentine ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ ដើម្បីប្រហារជីវិត​ នៅ​ថ្ងៃទី១៤ កុម្ភៈ។ នៅក្នុង​ពន្ធនាគារ លោក Valentine បាន​​ស្រឡាញ់​នារី​វ័យក្មេង​ម្នាក់ ដែល​គេ​ជឿថា ជា​កូនស្រី​របស់​ឆ្មាំ​គុក ដោយសារ​នាង​ឧស្សាហ៍​ចេញចូលសួរសុខទុក្ខគាត់។ មុនពេល គេ​នាំ​គាត់​ទៅ​ប្រហារជីវិត​ លោក Valentine ក៏បាន​សរសេរ​សំបុត្រ​យ៉ាងខ្លី​មួយ​ផ្ញើរ​ទៅ​នាង ​ដើម្បី​បញ្ជាក់​ពី​មិត្តភាព និង​ក្តីស្រលាញ់​របស់គាត់​ចំពោះ​នាង​ជាមួយនឹង​ការចុះហត្ថលេខា​ថា «ពី Valentine របស់​អ្នក»។

ចាប់តាំងពី​ពេលនោះ​មក នៅ​រៀងរាល់​ថ្ងៃទី១៤ កុម្ភៈ គេ​ឃើញ​មានការ​រៀបចំ ទិវា​នៃ​ក្តី​ស្រឡាញ់នេះ ដោយមាន​ភ្ជាប់​មកជា​មួយ​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅវិញទៅមក មាន​ផ្កា​កុលាប និង​ស្ករ​គ្រាប់​ជាដើម​ ដើម្បី​បង្ហាញ​ពី​ការគោរព​ស្រឡាញ់​រាប់អាន និង​ដឹងគុណ​ដល់​លោក Valentine៕