(ប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សិស្សអនុវិទ្យាល័យសន្តិភាព ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅតែបន្តដួលសន្លប់ជាបន្តបន្ទាប់ ខណៈមន្រ្តីសុខាភិបាល និងសមត្ថកិច្ចជំនាញ នៅមិនទាន់រកឃើញមូលហេតុ នៃជំងឺរបស់សិស្សរងគ្រោះនៅឡើយ ប៉ុន្តែត្រូវបានមន្ត្រីផ្នែកពិនិត្យឈាម ចាប់អារម្មណ៍ទៅលើផ្នែកការកើនឡើងនៃប៉ូតាស្យូម ដែលនៅក្នុងខ្លួន របស់សិស្សរងគ្រោះ។

លោកគ្រូដែលបង្រៀននៅសាលាអនុវិទ្យាល័យសន្តិភាព បានលើកឡើងថា មុនពេលកើតហេតុ ស្ថានភាព នៃអាកាសធាតុមានការប្រែប្រួល នៅក្នុងសាលារៀន ដោយក្តៅផង ហើយត្រជាក់ផង បន្ទាប់មកក៏ភ្លៀង បណ្តាលឲ្យសិស្ស២នាក់ អស់កម្លាំងល្ងឹតមុខ នេះកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ហើយបើនិយាយពីស្ថានភាពរាល់ថ្ងៃគឺ អាកាសធាតុនៅខាងក្រៅបន្ទុបរៀន គឺមានខ្យល់វ៉ូរៗ ចំណែកក្នុងបន្ទុបវិញ ហាក់បីដូចជា ខ្សត់ខ្យល់ទៅវិញ បណ្តាលឲ្យសិស្សខ្លះ អស់កម្លាំង ស្លេកមុខ រហូតដួលសន្លប់ជាបន្តបន្ទាប់។ លោកគ្រូបានបន្តថា សិស្សដែលដួលសន្លប់ភាគច្រើន គឺសិស្សដែលអង្គុយមិនជាប់និងបង្អួច ចំណែកសិស្សដែលអង្គុយជាប់បង្អួច គឺមិនមានបញ្ហាអ្វីកើតឡើងនោះទេ។

លោកគ្រូបញ្ជាក់ទៀតថា រយៈពីរថ្ងៃជាប់ៗគ្នា បញ្ហាសិស្សដួលសន្លប់ គឺកើតឡើងដោយការបន្លាចតគ្នា ដែលមាននៅក្នុងបន្ទប់ទឹក និងបន្លាចនៅក្នុងថ្នាក់រៀនតែម្តង។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា បញ្ហាខាងលើមន្ទីរអប់រំ បានខិតខំយកចិត្តទុកដាក់ ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញពី អភិបាលខេត្តប៉ៃលិន ក្នុងការស្រាវជ្រាវរកមូលហេតុ ដែលកើតមានឡើងចំពោះសិស្សានុសិស្ស។

លោកប្រធានមន្ទីរអប់រំ បានបន្តថា នៅថ្ងៃនេះដែរ គឺមានសិស្សចំនួន១០នាក់ និងសម្រាប់ថ្ងៃនេះមាន២-៣នាក់ ដែលមានបញ្ហា ហើយចំពោះសិស្សខ្លះ ដែលសាកសួរ គឺគាត់មានការតមអាហារ ខ្លះទៀតផឹកទឹកត្នោតជូរក៏មានដែរ ដូច្នោះករណីនេះវាជាបញ្ហាមួយ ដែលយើងគួរគិតគូរឲ្យមែនទែន។ ជាមួយគ្នានេះដែរ លោកក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជា លោកនាយកសាលា ដែលមានស្មារតីរឹងមាំ ក្នុងការជួយសង្គ្រោះសិស្សរងគ្រោះកន្លងមក ប្រសិនលោកគ្រូ អ្នកគ្រូ មិនមានស្មារតីរឹងប៉ឹងនោះទេ វានិងអាចកើតបញ្ហារឹតតែខ្លាំងឡើងៗ។

ចំណែកលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ករណីខាងលើនេះ មន្ទីររបស់លោក មានការ​សហការគ្នា​ជាបន្តបន្ទាប់ ហើយបើពិនិត្យមើលកន្លងទៅគឺរោគសញ្ញាវាដដែលៗ ទើបតែថ្ងៃនេះ វាមានរោគសញ្ញាផ្សេង គឺសិស្សមានការលេបថ្នាំ​សម្រកទម្ងន់ និងតមអាហារ រួមផ្សំនិងធាតុអាកាសក្តៅ ក៏វាជាបញ្ហាមួយដែរ ពាក់ព័ន្ធនិងសុខភាព ហើយរហូតមកដល់ពេលនេះអ្វី ដែលយើរង់ចាំ គឺលទ្ធផលនៃការពិនិត្យរកមូលហេតុ ដោយពេលនេះ យើងមិនបញ្ជាក់បាននៅឡើយទេ ចំពោះបញ្ហាខាងលើ។

ចំណែកលោកគ្រូពេទ្យផ្នែកពិនិត្យឈាម នៃមន្ទីរសុខាភិបាល ក៏បានឲ្យដឹងដែរថា សិស្សរងគ្រោះដែលយើងយកឈាមទៅពិនិត្យនោះ​គឺ០៦នាក់ ហើយក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ គឺឈាមទាំង០៦នាក់នោះ សុទ្ធតែឈាមល្អទាំងអស់ លើកលែកតែបញ្ហាមួយ គឺមានជាតិប៉ូតាស្យូមខ្ពស់ ហើយយើងក៏កំពុងស្វែងរកមូលហេតុអ្វី បានជាធ្វើឲ្យប៉ូតាស្យូមលើកខ្ពស់ដូច្នោះ។

លោកបានបន្តថា ប្រសិនប៉ូតាស្យូមឡើងខ្ពស់ វាអាចរុញច្រានឈាមឡើងដល់បេះដូង ហើយប្រសិនជាមានបញ្ហាអាកាសធាតុកើតឡើង ក៏ដូចជាបញ្ហាការបន្លាចគ្នាចុះឡើងៗ វាធ្វើឲ្យអ្នកទទួលឥទ្ធិពល មានការតុកស្លុតផងដែរ ហើយនេះជាអ្វីដែលយើងរកឃើញ៕