(បន្ទាយមានជ័យ)៖​ នាថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៨ លោក ង៉ូវ ប៊ុនរិទ្ធ​ ទីប្រឹក្សាលោក ខៀវ កញ្ញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព៏ត៌មាន រួមដំណើរដោយលោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និង​នាំយកអំណាយរបស់លោករដ្ឋមន្ត្រី និងលោកស្រី ផ្តល់ជូនដល់លោក ចក់ កុសល អតីតអនុប្រធានមន្ទីព័ត៌មាន ខេត្តបន្ទាយមានជ័យ​។

នៅក្នុងឱកាសនោះ លោក សេក សុខុម​ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តី និងលោកស្រី និងសូមឲ្យថែរក្សាសុខភាព និងឆាប់បានជាពីជំងឺ ដើម្បីជាម្លប់ដល់កូនចៅ និងជាមេគ្រួសារដ៏រឹងមាំ។

គួររំលឹកផងដែរថា បន្ទាប់ពីចូលនិវត្តន៍​លោក​ ចក់​ កុសល​ បានមករស់នៅជាមួយគ្រួសារ​នៅភូមិអញ្ចាញ​ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ទាំងខ្លួនមានជំងឺប្រចាំកាយ។

លោកគឺជាមន្រ្តីដែលពោរពេញដោយសមត្ថភាព ​និងមានវិជ្ជាជីវ:ច្បាស់លាស់​ ហើយក៏ជាសាស្រ្តាចារ្យមួយរូបនៅក្នុងអង្គភាព​ ដែលមន្រ្តីជំនាន់ក្រោយសុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីលោក​ ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសាងនូវស្នាដៃ និងសមិទ្ធិផលជាច្រើននៅក្នុងអង្គភាព​ និងសង្គម​។

ដោយសារតែមានជំងឺប្រចាំកាយជាង១០ឆ្នាំមកហើយនោះ​ ពីមួយថ្ងៃទៅមួយថ្ងៃ ជំងឺរបស់លោកមិនមានការធូស្បើយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ទៅៗ​ ដោយបច្ចុប្បន្នលោក​មិនអាចនិយាយបាន​ និងមិនអាចដើរបានថែមទៀត​ ដែលធ្វើឲ្យលោកបាត់បង់សមត្ថភាព ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ​ ថែមទាំងត្រូវចំណាយថវិកាច្រើនសម្រាប់ធ្វើការព្យាបាលជំងឺរបស់ខ្លួន​។

គួរបញ្ចាក់ផងដែរថា​ នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ រដ្ឋមន្រ្តីក្រសួងព័ត៌ដល់អតីតមន្រ្តីក្រោមឱវាទ​ ដោយនៅក្នុងនោះ ​អំណោយរួមមាន៖ គ្រឿង​ឧបភោគ​ បរិភោគ​មួយចំនួនធំ និងថវិកា​ ៤លានរៀលផងដែរ៕