(ភ្នំពេញ)៖ ម្ចាស់ហាងស្លាកយីហោ «ច័ន្ទ តារា ប្ដូរប្រាក់ លក់អង្ករ» បានទន្ទ្រានយកចិញ្ចើមចំណីផ្លូវសារធារណៈរបស់រដ្ឋ មកដាក់សំយ៉ាបតាំងលក់ដូរបិទផ្លូវបាំងច្រកអាជីវករដូចគ្នា និងស្ទើរទាំងបិទច្រកចេញចូលផ្សារទំនប់ទួលគោក «ហៅផ្សារងិនអាន» ក្នុងខណ្ឌឬស្សីកែវ ត្រូវបានអាជ្ញាធរចុះទៅរុះរើ និងណែនាំឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌ បានចេញបញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅណែនាំហាមឃាត់ភ្លាមៗ ដើម្បីឲ្យរុះរើចេញ និងរង្កិលសម្ភារ ទាំងនោះចូលទៅក្នុង ឲ្យផុតតាមការបាញ់គំនូស កំណត់ដោយអាជ្ញាធរធ្លាបបានអនុវត្តនាពេលកន្លងមក។ តែមិនបានប៉ុន្មានម៉ោងផង បន្ទាប់ពីអាជ្ញាធរដកកម្លាំងចេញអស់ទៅម្ចាស់ទីតាំង បានជញ្ជូន អីវ៉ាន់ ចេញមកដាក់តាំងលក់ខាងក្រៅ រំលោភយកចិញ្ចើមចំណីផ្លូវដដែល ជាដដែល ដោយមិនត្រឹមតែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ថែមទាំងបានបោះពាក្យសំដីថា «មិនចាំបាច់ខ្លាចទេ ព្រោះបានជួបនិយាយគ្នាជាមួយខាងសង្កាត់រួចហើយ»

ហាងមួយនេះ ស្ថិតនៅខាងកើតរង្វង់មូលកាមកូស៊ីធី ត្រង់ចំណុចកែងច្រកចូល ខាងជើងផ្សារទំនប់ទួលគោក «ហៅផ្សារងិនអាន» ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រុមអាជីវករលក់ដូរភាគច្រើន ក៏ដូចជា ក្រុមរត់ម៉ូតូឌុប នៅក្បែរកន្លែងលក់ទំនិញគ្រប់ប្រភេទយីហោឈ្មោះ «ច័ន្ទ តារា ប្ដូរប្រាក់ លក់អង្ករ» បាននាំគ្នានិយាយរិះគន់តៗគ្នាថា ម្ចាស់ទីតាំង នេះ មានខ្សែពួធំៗណាស់ អ្នកល្មមៗមិនអាចមកហ៊ានហាមឃាត់ទេ សូម្បីតែអាជ្ញាធរសង្កាត់ទួលសង្កែទី១ សង្ស័យត្រូវស្នេហ៍គេផងមិនដឹង ព្រោះពេលចុះមកអន្តរាគមន៍ម្ដងៗ រឿងរំលោភយកចិញ្ជើមផ្លូវ មកលក់ដូរ ដើម្បីហាមឃាត់ឲ្យរង្កិលសម្ភារចូលទៅក្នុង គឺបានត្រឹមតែឈរសំលឹងមើលពីខាងក្រៅ ទៅខាងក្នុងហាងគេប៉ុណ្ណោះ មិនហ៊ានអ្វីនោះឡើយ។

បើទោះជាយ៉ាងនេះក្ដី រដ្ឋបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី ជាពិសេសលោក ឃួង ស្រេង អភិបាលក្រុង កាលពីពេលកន្លងមកនេះ បានចេញសេចក្តីណែនាំឲ្យបញ្ឈប់ រាល់ការយកចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ នាំឲ្យស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាននិងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្របទាំងស្រុង ឬដោយបំពានលើច្បាប់បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ជាពិសេសបំពានលើបទបញ្ញត្តិមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្ត ក្នុងវិស័យនគរូបនីយកម្ម និងសំណង់» ព្រមទាំងបានចាត់ទុក «អំពើរំលោភបំពានទាំងនេះមានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ ការតសំយ៉ាប ការហ៊ំព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋាន ទុកដាក់សម្ភារ ឬដាក់តាំងបង្ហាញទំនិញ ដើម្បីប្រកបអាជីវកម្មផ្សេងៗជាលក្ខណៈ ឯកជន បានបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមាន ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ»