(ភ្នំពេញ)៖ ​​នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ហោ លី ណា ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២ឆ្នាំ ពីបទផលិត ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាម​មាត្រា​៣៩ និងមាត្រា​៤០ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទទាំង៣នាក់នេះ ទី១៖ ឈ្មោះ ផល គីមហុង​ អាយុ​២២ឆ្នាំ, ទី២៖ ឈ្មោះ ចាន់ ដារ៉ាវីស្ដា ​អាយុ​៣៧ឆ្នាំ និងទី៣៖ ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ​២៧ឆ្នាំ ប្រព្រឹត្តអំឡុង​ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលម្ដុំផ្សារដីហុយ ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានលួចបង្ហើបថា សំណុំរឿងនេះមានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ម្នាក់បានជួយអន្តរាគមន៍ ឲ្យលើកលែងបទចោទ ប្រកាន់លើជនជាប់ចោទ និងឲ្យតុលាការ​ដោះលែងជនជាប់ចោទ​ថែមទៀតផង ប៉ុន្តែទោះជាយ៉ាងណា តុលាការមិនព្រមតាមការអន្តរាគមន៍នោះទេ និងបានសម្រេចផ្តន្ទាទោស​ តែនៅត្រឹមកម្រិតទាប។

នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨​កន្លងទៅ ជនជាប់ចោទទាំង​៣នាក់ខាងលើ បានឆ្លើយថា ពួកគេមិនបានប្រព្រឹត្ត ដូចជាការចោទប្រកាន់របស់តុលាការនោះទេ ក្នុងន័យដោះបន្ទុក និងមានឱកាសបានស្ថានសម្រាលទោស ឬការលើកលែងទោសដល់ពួកគេ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បាន​បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាល​នៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះបង្ក្រាបមុខសញ្ញាផលិត និងជួញដូរគ្រឿងញៀន​ទាំង៣នាក់ខាងលើ នៅចំណុចម្ដុំផ្ទះជួល ជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព័ណ៌ សថ្លា ជាប្រភេទគ្រឿងញៀន មេតំហ្វេមីន ចំនួន​២កញ្ចប់ មានទម្ងន់សរុប​ចំនួន​៨០,៨២ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់ ២ប្រភេទ មានទម្ងន់​សរុប​៨៣,០៥ក្រាម, គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាម ទម្ងន់សរុប​ចំនួន​៤៤៥,១៥ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន​០១, ឆ្នាំជក់ស៊ីហ្សា ចំនួន​០៣, ទូរស័ព្ទដៃ ចំនួន​០២គ្រឿង, ម៉ូតូ១គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ៕