(ភ្នំពេញ)៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងឈានចូលមកដល់ ក្នុងនោះដែរឃើញ​ថា អាជីវករលក់ផ្ការអង្គាសិល្ប៍ ហាក់កំពុងសប្បាយរីករាយមួយនឹងការលក់ ខណៈមានអ្នកចូលជាវច្រើនលើសពីការរំពឹងទុក ដោយអាជីវករម្នាក់ៗរំពឹងថា នឹងលក់បានច្រើន និងទទួលបានចំណេញគួរសមផងដែរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អ្នកស្រី រស់ ទូច អាជីវករលក់​ ទីតាំងនៅជាប់ក្លោងវត្តទឹកថ្លា បានឲ្យដឹងថា ក្នុងឆ្នាំនេះ ខ្ញុំបាននាំយកផ្កា​អង្គាសិល្ប៍ពីភ្នំឱរ៉ាល់ បានប្រមាណតែ៣០-៥០បាច់តែប៉ុណ្ណោះ ដោយសារតែឆ្នាំនេះ ផ្កាអង្គារសិល្ប៍រីកលឿន ជាងបុណ្យចូល​ឆ្នាំប្រពៃណីចិនកន្លងទៅ។ សម្រាប់ឆ្នាំនេះ ការលក់ផ្កាអង្គារសិល្ប៍ហាក់ដាច់ខ្លាំងជាង​ឆ្នាំមុន ហើយប្រសិនបើផ្កានេះរីកល្អនោះការលក់រឹតតែចំណេញច្រើន។

លោក ទេព បូរិន អ្នកលក់ផ្កាអង្គារសិល្ប៍ទីតាំងវត្តទឹកថ្លា បានថ្លែងឲ្យដឹងថា ផ្កាអង្គារសិល្ប៍នេះខ្ញុំ ទៅកាប់ពីព្រៃក្នុង​ខេត្តពោធិ៍សាត់ ​ដោយ​កាប់បានប្រមាណជា​៤០-៥០គុម្ព នាំយកមកលក់ក្នុងទីក្រុងភ្នំពេញនេះ។ បើគិតតាំងការកាប់ពីក្នុងព្រៃ និងនាំយកមកលក់ដល់​ទីក្រុងភ្នំពេញ​នេះ ខ្ញុំបានចំណាយថវិកាច្រើនគួរសម ដែលត្រូវចំណាយទៅលើផ្នែកនីមួយៗដូចជា៖ ថ្លៃដឹកជញ្ជូន, ថ្លៃអ្នកកាប់ផ្កាពីក្នុងព្រៃ, ថ្លៃទឹក និងថ្លៃជួលកន្លែង​ជាដើម។

លោកបានបញ្ជាក់ទៀតថា ផ្កានេះមានការលំបាកច្រើនក្នុងការថែទាំង តែបើការថែទាំងចេញផ្កាបានល្អ, រីកល្អ ជាពិសេសរីកល្អ ក្នុង​ពេលបុណ្យចូល​ឆ្នាំ​ប្រពៃណីចិននោះ ការលក់នឹងបានថ្លៃដូចគ្នា។ តម្លៃផ្កាមានចាប់ពី១០ដុល្លារឡើងទៅ ការលក់នេះទៀតសោធ ក៏ប្រថុយនឹង​ការខាតបង់ច្រើន ប្រសិន​បើអាកាសសធាតុចុះត្រជាក់ ដែលបណ្ដាលឲ្យផ្កាមិនរីក ឬផ្ការីកច្រើនមុនថ្ងៃចូលឆ្នាំមកដល់។

លោកបានបន្ដទៀតថា «សម្រាប់ឆ្នាំនេះ ​ផ្កាខ្សត់ជាងឆ្នាំទៅមិញ តែតម្លៃវិញខ្ពស់ជាងឆ្នាំទៅ និងលក់ដាច់ជាងរាល់ឆ្នាំ»

លោក ស្រស់ ស៊ីណា អ្នកលក់ផ្កាអង្គារសិល្ប៍ទីតាំង​ជ្រោយចង្វាបានឲ្យដឹងថា «អង្គាសិល្ប៍ទាំងនេះ នាំមកពីខេត្តក្រចេះ ហើយក្នុងឆ្នាំនេះ ខ្ញុំនាំយក​ផ្កាអង្គារសិល្ប៍ពីខេត្តបានប្រមាណជា៧០គុម្ព រហូតមកដល់ពេលនេះ ផ្កាអង្គារសិល្ប៍មានអ្នកជាវច្រើន ដោយខ្ញុំលក់បានប្រមាណជា៥បាច់រួចមកហើយ ដោយលក់បានក្នុងតម្លៃ៧០ដុល្លារក្នុងមួយដើម»

លោកបានបន្ដទៀតថា «ឆ្នាំនេះផ្កាចេញបានល្អ ដូច្នេះការលក់ក៏ដាច់ច្រើនជាងរាល់ឆ្នាំ...ជារៀងរាល់ឆ្នាំការលក់ បានទទួលចំណេញប្រមាណ​៥០០-៦០០ដុល្លារ ហើយឆ្នាំនេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានចំណេញច្រើន ដូចជារាល់ឆ្នាំដែរ»

អ្នកស្រី អេង វ៉ាន់ថា អាជីវកម្មម្ចាស់ហាងលក់ផ្កា ខៀវ ចិន្ដា បានថ្លែងឲ្យដឹងដែរថា «អង្គាសិល្ប៍ឆ្នាំនេះ លក់ដាច់ជាងឆ្នាំទៅមិញ។ ខ្ញុំនាំចូល​បាន​ប្រមាណជា​១០០គុម្ព តែលក់ដាច់អស់ប្រមាណជាង​១០-២០គុម្ពបាត់ទៅហើយ តែអង្គារសិល្ប៍ដែលខ្ញុំលក់នេះ ជាអង្គារសិល្ប៍ដែលផ្សាំ ដុះជាប់​នឹងដី​ដាំ​នឹងថូ ដែលនាំចូលពីប្រទេសវៀតណាម មានតម្លៃចាប់ពី១០០ដុល្លារឡើងទៅ»

អ្នកស្រីបានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំមុន និងឆ្នាំនេះការលក់អង្គារសិល្ប៍ប្រហាក់គ្នាតែឆ្នាំនេះ លក់ដាច់ខ្លាំង​ជាងឆ្នាំមុន ដំបូងមកខ្ញុំគិតថា អង្គាសិល្ប៍​នេះ ​អាចមិនសូវដាច់ទើបនាំចូលតិច តែ​ពេលយកមកបែរជា លក់ដាច់ជាងឆ្នាំមុនទៅវិញ ជាធម្មតាត្រឹមថ្ងៃនេះ មិនទាន់មានអ្នកមកទិញផ្កាផង តែឥឡូវ​បែរ​ជា​មានអ្នក​មកទិញច្រើនទៅវិញ»

លោក ជីន ចម្រើន អ្នកទិញផ្កាអង្គារសិល្ប៍បានឲ្យដឹងថា «ការដាក់តាំងផ្កាអង្គារសិល្ប៍ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះធ្វើឡើង តាមពីបុរាណចិន ​ហើយ​បើចំថ្ងៃទី១ (ថ្ងៃចូលឆ្នាំដំបូង) មានចេញផ្កាល្អនោះ រាសីក្នុងឆ្នាំនេះនឹងឡើងខ្ពស់ត្រដែត សម្រាប់ផ្ទះខ្ញុំវិញ ខ្ញុំតែងតែសែនផ្កាអង្គារសិល្ប៍នេះ ជារៀងរាល់ឆ្នាំ ដែល​មិនដែល​អាក់ខាននោះឡើយ»

ចំណែកអ្នកស្រី សុខ សុផា អ្នកទិញផ្កាអង្គារសិល្ប៍ក៏បានឲ្យដឹងដែរថា ទំនៀមទំលាប់ចិន ការដាក់តាំងផ្កាអង្គារសិល្ប៍ គឺដើម្បីសុំសេចក្ដីសុខ សេចក្ដី​ចម្រើន រកស៊ីមានបានសម្រាប់ឆ្នាំថ្មី មានន័យថា កាលណាផ្កាអង្គារសិល្ប៍នេះ រីកផ្កាល្អក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន រហូតដល់ចប់ចូលឆ្នាំហើយ នោះ​បានសេចក្ដីថា នឹងមានលាភ មានជ័យ ហេង ហេង ដល់ក្រុមគ្រួសារ។

អ្នកស្រីបន្ដទៀតថា «ក្រុមគ្រួសារខ្ញុំតែងតែមានជំនឿសែនផ្កាអង្គារសិល្ប៍នេះ តាំងពីដើមរៀងមក តម្ដាយ តឪពុក ខ្ញុំតែងតែមកទិញផ្កានេះ ដើម្បីយកទៅដាក់សែន និងរើសយកតែផ្កាណា​ដែលរៀបនឹង​រីក ព្រោះដល់ថ្ងៃ​ចូលឆ្នាំនោះវានឹងរីកល្អ»