(ស្វាយវៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកស្រុករមាសហែក កំពុងតែពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទាំង៩នាក់ ដែលបានរងគ្រោះដោយសារធាតុគីមីរបស់អាវុធគីមីអាមេរិក នៅក្នុងភូមិព្រៃក្ដី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយវៀង។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា នៅពេលនេះ ស្ថានភាពជំងឺដែលមានអាការៈ ថប់ដង្ហើម និងរមាស់លើរាងកាយ របស់ប្រជាពលរដ្ឋទាំង៩នាក់ បានធូរស្រាលហើយ ប៉ុន្ដែគ្រូពេទ្យនៅតែតាមដានយ៉ាងយកចិត្ដទុក ប្រសិនបើមានស្ថានភាពធ្ងន់ធ្ងរ នឹងបញ្ជូនបន្ដទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយវៀង។

ប្រជាពលរដ្ឋទាំង៩នាក់​នោះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បាននាំគ្នាសម្អាតស្មៅនៅក្នុងចំការដំឡូង ក៏ប៉ះចំអាវុធគីមីរបស់អាមេរិក ធ្វើឲ្យមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋទាំងនោះរួមមានទី១៖ ឯម ស៊ាត ភេទស្រី អាយុ៥៦ឆ្នាំ, ទី២៖ ពៅ ណៃ ភេទស្រី អាយុ៤៧ឆ្នាំ, ទី៣៖ ចាប សេង ភេទស្រី អាយុ៥៥ឆ្នាំ, ទី៤៖ ហ៊ីង ណាក់ ភេទស្រី អាយុ៤០ឆ្នាំ, ទី៥៖ ពុត ចាប ភេទស្រី អាយុ៤៧ឆ្នាំ, ទី៦៖ អ៊ូ រិន ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៧៖ ចាប សឿន ភេទស្រី អាយុ៥២ឆ្នាំ, ទី៨៖ សូ ណេង ភេទស្រី អាយុ៤៩ឆ្នាំ, ទី៩៖ ម៉ៅ ស្រីណុច ភេទស្រី អាយុ២៥ឆ្នាំ។

លោក ហេង រតនា អគ្គនាយកកំចាត់មីននៅកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បន្ទាប់ពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋជួបបញ្ហាសុខភាព ដោយសារអាវុធគីមី កម្លាំងស៊ីម៉ាក់ បានយករថយន្ដជួយដឹកបញ្ជូន ប្រជាពលរដ្ឋទាំង៩នាក់ ទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីយកទៅពិនិត្យព្យាបាល។

លោកថា ទីតាំងអាវុធគីមី ដែលប្រជាពលរដ្ឋសម្អាតស្មៅប៉ះនេះ មានចម្ងាយប្រមាណ១០០ម៉ែត្រ ពីទីតាំងចាស់ ដែលស្ថិតនៅក្នុងភូមិព្រៃក្ដី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយវៀង។ ជាមួយគ្នានេះ ស៊ីម៉ាក់ ក៏កំពុងមានក្រុមស្រាវជ្រាវ គ្រាប់បែកចង្កោម ដែលនៅក្បែរៗភូមិកើតហេតុរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋនៅឃុំគគីរ ជួបបញ្ហាសុខភាព ដោយសារអាវុធគីមីរបស់អាមេរិក ដោយកន្លងមកប្រជាពលរដ្ឋប្រមាណ១០០នាក់រួចហើយ ដែលជួបបញ្ហាសុខភាព ដោយអាវុធគីមីនេះ និងត្រូវបានទៅពិនិត្យ និងព្យាបាលជាបន្ដបន្ទាប់៕