(ភ្នំពេញ)៖ ក្រោយពីដឹងពី វិសាលភាពឧស្សសាហកម្មហាឡាល ក្រុមហ៊ុនសហគ្រាស អ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិកំពុងប្រជែងគ្នា ក្នុងការចង់បាន ស្លាកសញ្ញា ហាឡាលកម្ពុជា។

ក្នុងយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលនូវផលវិជ្ជមាន និងលំហូរចូលនៃវិនិយោគទុនគ្រប់ធុន ក្នុងទឹកដីកម្ពុជា ក្នុងនោះឧស្សាហកម្មហាឡាល ដែលជាឧស្សាហកម្មចម្បងបំផុតលើទីផ្សាសាកលលោក ដែលមានទំហំទឹកប្រាក់ជា៣,២ឌ្រីលានដុល្លា បាននិងកំពុងធ្វើឲ្យកម្ពុជាបោះជំហានបណ្តើរ ដើម្បីប្រកួតប្រជែងឧស្សាហកម្មបែបថ្មី សម្រាប់កម្ពុជា កឺជាឧស្សាហកម្មហាឡាល ដែលអនុវត្តចង្វាក់ផលិតកម្ម គ្រប់ដំណាក់កាលអនុឡោមតាមក្បួនសាសនាឥស្លាម​។

ជាក់ស្តែង ជាការទទួលស្វាគមន៍ដល់សហគ្រិនដំបូងគេ ដែលទន្ទឹងមើលផ្លូវពីវត្តមានហាឡាលនៅកម្ពុជា នៅព្រឹកថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំទទួលក្រុមហ៊ុន​សហគ្រាសចំនួន៩ ដែលបានចាត់តាំងតំណាង២ទៅ៣រូប ដើម្បីស្វែងយល់ពីគោលការណ៍​រួមរបស់ហាឡាល ក៏ដូចជាដំណើរការកកើតឡើង នៃហាឡាលកម្ពុជា ក្រោមការជ្រោមជ្រែង និងអនុញ្ញាត​ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ រួមទាំងក្រសួងពាក់ព័ន្ធជាច្រើន និងមានគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាក្រុមឯកទេសអនុវត្តជាក់ស្តែង។

សិក្ខាសាលាវគ្គដំបូងនេះ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញជាអធិបតី ពីសំណាក់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានក្រុមឯកទេស ផលិតផលហាឡាលកម្ពុជា រួមទាំងមានវត្តមាន សាស្រ្តាចារ្យ បណ្ឌិត ផ្នែកច្បាប់សាសនាឥស្លាមជាច្រើនរូប ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស​។

លោក លាង ឡេង អគ្គនាយក សហគ្រាសលាងឡេង ដែលផលិតផ្គត់ផ្គង់ ទឹកស៊ីអីវ ទឹកត្រី ទឹកម្ទេស ទឹកខ្មេះដ៏ធំមួយនៅកម្ពុជា បានលើកឡើង ពីមោទនភាពកម្ពុជា ខណៈស្តង់ដារហាឡាល គឺជាចំនុចពិសេសចាំបាច់បំផុត ដល់សហគ្រាសរបស់លោក ក្នុងនាមជាអ្នកផលិតផ្គត់ផ្គង់ផ្នែកគ្រឿងទេស ដែលជាអាហារចាំបាច់ ដល់អតិថិជនទាំងមិនមែនមុស្លិម និង​មុស្លិម ប្រាថ្នាចង់បានយូរណាស់មកហើយ។

លោកបានភ្ញាក់ផ្អើល និងកោតសរសើរពីលក្ខណៈពិសេស ហើយអាចចាត់ទុកថា ផ្លែកបន្តិចសម្រាប់រូបលោក ​ប៉ុន្តែជាវារឿងដែលសំខាន់ ហើយសារប្រយោជន៍ ដល់សុខភាពសាធារណៈជាចម្បង ហើយក៏ជាកត្តាជំរុញអោយមានសំទុះកណើន អតិថិជនដែលប្រើប្រាស់​កាន់តែមានច្រើនឡើង ជាពិសេសវានឹងផ្តល់ នូវទំនុកចិត្ត​ទាំងអ្នកចែកចាយបន្ត និងអ្នកប្រើប្រាស់ជាដើម។

តំណាងឲ្យក្រុមហ៊ុនសហគ្រាសទាំង៩​សុទ្ធតែជាក្រុមហ៊ុនល្បីៗ ក្នុងស្រុក លោក លាង ឡេង ក៏បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រុមឯកទេសហាឡាល ក្រោមការដឹកនាំរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដោយលោកជូនពរឲ្យបេសកកម្មមួយនេះ នឹងសម្រេចបាននូវភាពជោគជ័យ ដើម្បីបន្តអនុវត្តបាននូវកំណើនសេដ្ឋកិច្ច ឧស្សាហកម្មហាឡាល មានការប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

លោកឧកញ៉ា សុះ កំរ៉ី ប្រធានឯកទេសផលិតផលហាឡាលកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃហាឡាល ដែលជាគោលការណ៍ចម្បងគេបង្អស់ របស់អ្នកកាន់សាសនាឥស្លាមអនុវត្តទាំងក្នុអាហាររូបត្ថម្ភ របស់ប្រើប្រាស់ និងសកម្មភាពផ្សេង គឺទាមទារអោយអនុលោមតាមក្បួនធម៌វិន័យមួយ ដែលហាឡាល ដើម្បីសុខភាព សុវត្ថិភាព និង​សុខសន្តិភាព ដើរទន្ទឹមគ្នា។

លោកបន្តថា បើនិយាយអនាម័យម្ហូបអាហារ គឺពុំមែនតែស្តង់ដារហាឡាលមួយទេ ដែលមានអានាម័យល្អ គឺមានស្តង់ដារបញ្ជាក់គុណភាពម្ហូបអាហារ និងផលិតផល ជាច្រើលើសកលលោក ដែលសុទ្ធតែមានគោលការណ៍អនុវត្ត នូវលក្ខណ្ឌអនាម័យស្រដៀងៗគ្នា ប៉ុន្តែដោយឡែក​នៅក្នុងស្តង់ដារហាឡាល មានលក្ខណៈពិសេសជាច្រើនផ្នែកផ្សេងទៀត ដែលស្តង់ដារផ្សេងៗភាគច្រើន អត់សូវកំណត់ជាលក្ខណ្ឌ ដូចជាសារធាតុឈាម សារធាតុគ្រឿងស្រាវឹង និង​សារធាតុសាច់ជ្រូកជាដើម ដែលសារធាតុនេះ គឺជាចំណុចសំខាន់ ហើយស្តង់ដារហាឡាល បានតម្រង់ជាគោលដៅសំខាន់ជាងគេ និងត្រួតពិនិត្យតាមលក្ខណៈ វិទ្យាសាស្រ្តហាឡាលដ៏ត្រឹមត្រូវ អនុលោមតាមគោលការណ៍ឥស្លាម ដែលមិនត្រូវមានសារធាតុខាងលើសូម្បីក្នុងកម្រិតណាក្តី ហើយក៏មានសារធាតុផ្សេងជាច្រើន ដែលក្នុងស្តង់ដារហាឡាលមាន ខណៈស្តង់ដារផ្សេងមិនទាន់មានគ្រប់គ្រាន់។

លោកឧកញ៉ាបានធ្វើការប្រកាសជាសារធារណៈ ដល់បណ្តាក្រុមហ៊ុន សហគ្រាស អ្នកផលិត និងវេចខ្ចប់ផលិតផលគ្រប់បែបយ៉ាង និង​សត្តឃាតដ្ឋាន​ទាំងអស់ ដែលមានបំណងដើម្បីពង្រីកទីផ្សារ និង​ការចែកចាយរបស់ខ្លួនកាន់តែមានវិសាលភាព សូមអញ្ជើញរុះរាន់មកដាក់ពាក្យស្នើសុំហាឡាល ដែលយើងមានលេខាធិការដ្ឋាន ហាឡាល នៅឯក្រសួងពាណិជ្ជកម្មនៅចាំទទួល និង​ផ្តល់ជូនពាក្យស្នើសុំ​បន្ទាប់មកបញ្ជូនមកក្រុមឯកទេស ដើម្បីចុះអនុវត្តពិនិត្យជាក់ស្តែង៕