(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើទស្សនកិច្ច នៅភាគខាងត្បូងប្រទេសថៃ រួមមានខេត្តប៉ាតានី និងខេត្តយ៉ាឡា នៅថ្ងៃទី១១ -១២ ខែកុម្ភៈ ឆ្នាំ២០១៨។ អំឡុងពេលស្នាក់នៅខេត្តទាំងពីរខាងលើនេះ លោករដ្ឋមន្ត្រីប្រតិភូអម បានជួបពិភាក្សាជាមួយ លោក ហាស្សាន់ ដារាវេស្ស ស្សាបា អគ្គលេខាធិការអង្គការជំនួយឥស្លាមអន្តរជាតិ ស្តីពីទំនាក់ទំនងកិច្ចសហការកិច្ចការមនុស្សធម៌ និងសេដ្ឋកិច្ចសង្គម។

លោក អូស្មាន ហាស្សាន់ បានជម្រាបជូន លោកអគ្គលេខាធិការអំពីស្ថេរភាពនយោបាយ និងវឌ្ឈនភាពសង្គមជាតិកម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបានអញ្ជើញលោកអគ្គលេខាធិការទស្សនកិច្ចកម្ពុជា ក្នុងពេលវេលាមួយ ដែលសមស្រប។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូ បានទស្សនាទីតាំងគម្រោងសប្បុរសធម៌មួយរបស់ លោក សឡេះ តាលិប ដែលជាស្ថាបនិកនៃគម្រោងនេះ និងបានស្វែងយល់នូវកិច្ចការមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិការរវាង សហករណ៍ឥស្លាមថៃ ដែលមានចំនួន៤១សហករណ៍ សមាជិកសរុប៣០ម៉ឺននាក់ ទ្រព្យទុនសរុបរបស់សហករណ៍ មានចំនួន២០ពាន់លានបាត ប្រហាក់ប្រហែល ជាង៦រយលានដុល្លារ​។

ជាមួយនេះផងដែរ ប្រតិភូបានអញ្ជើញទៅទស្សនកិច្ចសាកលវិទ្យាល័យប៉ាតានី និងផ្តល់អនុសាសន៍ល្អៗ ដល់និស្សិតខ្មែរឥស្លាមមួយចំនួន ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនេះផងដែរ។ បន្ទាប់មក លោក អូស្មាន ហាស្សាន់ ត្រូវបានលោក វ៉ាន់មហាំម៉ាត់ណូ ម៉ាត់ថា ដែលលោកជា​​អតីតប្រធានរដ្ឋសភាថៃ អតីតឧបនាយករដ្ឋមន្រ្តី អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និង​ដឹកជញ្ជូន អញ្ជើញពិសារអាហារថ្ងៃត្រង់ នៅគេហដ្ឋានរបស់លោកផ្ទាល់ និងបានពិភាក្សាការងារ ដ៏មានសារៈសំខាន់មួយចំនួន ក្នុងបរិយកាសស្និទ្ធស្នាល និងរាក់ទាក់ក្រៃលែង៕