(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអាវរងារ ទៅចែកជូនដល់​បងប្អូនប្រជាពល​រដ្ឋ ស្ត្រីមេម៉ាយ ចាស់ជរា នៅតាមតំបន់ដាច់ស្រយាល មកពី៣ភូមិ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសដែលអាកាសធាតុកំពុងចុះត្រជាក់ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា ក្នុងនាមជាអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយ តែងតែឈ្លាតឱកាសពីការងារចុះសាកសួរសុខទុក្ខបងប្អូន ទៅដល់មូលដ្ឋានជាបន្តបន្ទាប់ ដើម្បីក្តាប់រាល់សំណូមពរ ពីពលរដ្ឋម្ចាស់ឆ្នោត តើត្រូវការអ្វីចាំបាច់ សម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន និងដោះស្រាយរាល់សំណូមពរនានាជូនបងប្អូន។

លោកស្រី បន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ឲ្យទទួលបាននូវសុខសន្តិភាពបានពេញលេញ និងមានការ អភិវឌ្ឍន៍ រីកចំរើន លើគ្រប់វិស័យ ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធិផលនានាជាច្រើន ដែលបំរើឲ្យជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

លោកស្រី បញ្ជាក់ថា ដូច្នេះសូមបងប្អូន ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានគងវង់យូរអង្វែង ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនកាន់តែខ្លាំងក្លាថែមទៀត។

លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នថែទាំសុខភាព និងអនាម័យឲ្យបានល្អ ព្រោះថានៅខេត្តប៉ៃលិន មានអាកាសធាតុត្រជាក់ខ្លាំង ដែលងាយឲ្យកើត ជម្ងឺដម្កាត់ផ្សេងៗ តែបើមានករណីកើតមានជម្ងឺ សូមបងប្អូនប្រញាប់​ប្រញាល់​ ទៅមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យា​បាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានអំណោយអាវរងារ ពីលោកស្រី បាន ស្រីមុំ គឺមានប្រជាពលរដ្ឋជាង៦០០នាក់ មកពីភូមិអណ្តូងថ្ម ភូមិអូរ៧៥ ឃុំអូរអណ្តូង និងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕