(កណ្ដាល)៖ ខណៈនៅសល់តែ២៤ថ្ងៃទៀត ពិធីបុណ្យទន្លេលើកទី៤ ឆ្នាំ២០១៨ នឹងឈានចូលមកដល់នោះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកណ្ដាល បានជួបប្រជុំជាមួយគ្នាជាលើកទី៣ ដើម្បីបន្តពិភាក្សាការងារលម្អិត លើការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ ឲ្យកាន់រលូនល្អប្រសើរ និងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវទេសចរ។

កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៤នេះ ធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល។

ថ្លែងទៅកាន់អង្គប្រជុំ លោក ថោង ខុន បានបញ្ជាក់ថា កត្តាដ៏សំខាន់ដែលផ្ដល់ឱកាសឲ្យកម្ពុជាមានលទ្ធភាពប្រារព្ធពិធីបុណ្យតូចធំ ដូចជា ពិធីបុណ្យសមុទ្រ បុណ្យទន្លេជាដើមនោះ គឺសន្តិភាព។

លោកបានបន្តថា ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៤នេះ ឲ្យបានឱឡារឹកជោគជ័យ ទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរច្រើនផងនោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាបំពេញការងារឲ្យបានគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានណែនាំនូវការអនុវត្តការងារចាំបាច់មួយចំនួន៖

១៖ ត្រូវយក​ឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ ពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។

២៖ ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋាន និងគុណភាពសេវាទេសចរណ៍ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាឲ្យបានសមរម្យ និងមានការពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព និងសេវានាវាទេសចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្ត។

៣៖ រៀបចំប្រព័ន្ធការពារសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឲ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។

៤៖ ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឲ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបាន ដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃនាំចេញដោយអាទិភាព និងគោលនយោបាយពិសេសដល់ផលិតផលក្នុងស្រុក។

៥៖ ត្រូវជំរុញការសម្ដែងសិល្បចម្រុះ សិល្បវប្បធម៌ (មានការសម្ដែងរឿង បក្សីចាំក្រុង) ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។

៦៖ ត្រូវពង្រីការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និងដៃគូនានា ដើម្បីជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះឲ្យបានច្រើនកុះករ ពោលសម្រេចឲ្យបានការរំពឹងទុកជាង ១លាននាក់។

៧៖ លោកបានណែនាំឲ្យអនុគណៈកម្មការ ត្រូវរៀបចំព្យុហយាត្រាលើទឹកទន្លេ ឲ្យបានអធឹកអធ័មប្លែកភ្នែក ដើម្បីញ៉ាំងបរិយាកាសនៃពិធីដ៏ធំនេះឲ្យកាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ទន្លេមេគង្គជាទន្លេដែលវែងជាងគេលំដាប់ទី១៧ ក្នុងពិភពលោក និងទី១២ ក្នុងអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរឆ្លងកាត់៥ប្រទេស មានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។ ដោយឡែកសម្រាប់កម្ពុជា ទន្លេមេគង្គហូរឆ្លងកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចៗជាច្រើនទៀត ទាំងនៅប៉ែកខាងលើ និងប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ។

បុណ្យទន្លេ ត្រូវបានសម្រេចឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមិនា។ បុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរ ហើយវាជាផលិតផលទេសចរណ៍ ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង មហាអនុតំបន់មេគង្គអាស៊ាន មេគង្គ-គង្គា។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ជាមួយការរំពឹងទុកថានឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់៕