(បាត់ដំបង)៖ លោក ជា ចានតូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើសូមឲ្យ​អតិថិជន​ទាំងអស់ ដែលបានខ្ចីប្រាក់ពីបណ្ដាធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនានា សូមយកកម្ចីទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ និងសុច្ចរិក កុំប្រើប្រាស់កម្ចីទាំងនោះខុសគោលដៅ ដែលមិនអាចរកចំណូល​បានឲ្យ​សោះ ព្រោះទាំងនេះ នឹងធ្វើឲ្យខ្លួនជាប់បំណុលដោះមិនរួច និងមួយវិញទៀតធ្វើឲ្យខ្លួន មិនអាចខ្ចីប្រាក់លើកក្រោយបន្ថែមទៀត។

ការលើកឡើងបែបនេះរបស់លោក ជា ជាន់តូ ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ជា ចាន់តូបានលើកឡើងថា អតិថិជនទាំងអស់ត្រូវមាន ភារកិច្ច និងទំនួលខុសត្រូវដូចជា៖

១៖ ត្រូវតែយល់ដឹងខ្លួនឯង ឲ្យច្បាស់អំពីតម្រូវការពិតប្រាកដក្នុងការខ្ចីប្រាក់ និងត្រូវប្រើប្រាស់បា្រក់កម្ចីឲ្យចំគោលដៅ និងបង្កើតចំណូលមកវិញ។
២៖ ត្រូវតែដឹងច្បាស់អំពីកាតព្វកិច្ចប្រាក់កម្ចី ពោលគឺថាបើខ្ចីប្រាក់ ត្រូវតែមានកាតព្វកិច្ចសងប្រាក់កម្ចីនោះវិញ បើពុំដូច្នោះទេ នឹងបាត់បង់ឱកាស ក្នុងការទទួលបានប្រាក់កម្ចីលើកក្រោយៗទៀត។
៣៖ ត្រូវចេះប្រៀបធៀបអត្រាការបា្រក់កម្ចី រវាងគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ និងពិនិត្យលក្ខខណ្ឌខ្ចីបា្រក់ឲ្យ បានយល់ដឹងច្បាស់មុននឹងសម្រេច ចុះហត្ថលេខាឬផ្តិតមេដៃទទួលបា្រក់កម្ចី។
៤៖ ត្រូវចៀសវាងដាច់ខាតក្នុងការខ្ចីបា្រក់ ពីឈ្មួញខ្ចីចងការប្រាក់ ឬអ្នករកស៊ីដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលគិតការបា្រក់ខ្ពស់និងកេងប្រវ័ញ្ច។
៥៖ ត្រូវចៀសវាងក្នុងការខ្ចីប្រាក់ពីមួយកន្លែង យកទៅសងមួយកន្លែងទៀត ព្រោះការធ្វើបែបនេះអាចធ្វើឲ្យ ជាប់បន្ទុកបំណុលកាន់តែច្រើនឡើងៗ។
៦៖ ពុំត្រូវជឿការឃោសនាបោកប្រាស់ របស់ជនខិលខូចមួយចំនួន ដែលដើរបោកប្រាស់ តាមរយៈការប្រមូលប្រាក់បញ្ញើ ឬការខ្ចីប្រាក់ ដោយសន្យាឲ្យការប្រាក់ខ្ពស់ ដោយពុំបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះចុងក្រោយអាចនឹងនាំបញ្ហាមកខ្លួនឯង។

ការលើកឡើងបែបនេះ របស់លោក ទេសាភិបាលធ្វើឡើងក្នុងគោលបំណងពង្រឹងសុវត្ថិភាពក្នុងការខ្ចីលុយ​របស់ប្រជាពលរដ្ឋ ដើម្បីចៀសវាង​ការ​ចាញ់​បោក និងរំលឹកទៅដល់ពលរដ្ឋ​កុំយកកម្ចីទៅប្រើប្រាស់លើផ្លូវអបាយមុខ ធ្វើយ៉ាងណាបង្កើតចំណូលដល់ខ្លួនឯង​ និងសង់មកដល់ធនាគារ ឬហិរញ្ញវត្ថុវិញ។

របាយការណ៍របស់ធនាគារជាតិបានឲ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិករឥណទាន​ជន​ ដែលប្រតិបត្តិការនៅទូទាំងផ្ទៃប្រទេស បានផ្ដល់កម្ចីចំនួន​១៧ទ្រីលានរៀល (ស្មើនឹង៤.២ប៊ីលានដុល្លារអាមេរិក) ដល់អតិថិជន ដែលក្នុងនោះអតិថិជនខ្ចីប្រាក់មានចំនួន​១.៨លាននាក់ និងទទួលប្រាក់បញ្ញើសរុប បានប្រមាណ​៨ទ្រីលានរៀល (ស្មើនឹង​១,៩៥ប៊ីលានដុល្លារអាមេរិក) ទទួលបានពីអ្នកផ្ញើប្រាក់ចំនួន​១.៧លាននាក់។ នេះបើតាមការថ្លែងឲ្យដឹងពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ បានថ្លែងឲ្យដឹងទៀតថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចំនួន៧៦ និងប្រតិបត្តិករឥណទានជនបទចំនួន៣០២ ដោយបានធ្វើការផ្ដល់កម្ចីទៅដល់ពលរដ្ឋយ៉ាងច្រើនថែមទៀតផង។ នេះជាការសបញ្ជាក់ពីការរីកចម្រើន ទៅលើផ្នែកវិស័យមីក្រូហិរញ្ញវត្ថុ ព្រមទាំងអាចឆ្លុះបញ្ចាំង តាមរយៈកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានកន្លងមក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៃកម្ពុជា ​បានប្រកាសយកឆ្នាំ២០០៦ជាឆ្នាំមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងផ្សព្វផ្សាយពីសារៈសំខាន់ អត្ថប្រយោជន៍ និងតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ ដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ក្នុងនោះដែរធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនដូចជា៖

១៖ ការរីកចម្រើននៃវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃអត្រាទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។
២៖ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវបទប្បញ្ញត្តិជាច្រើន ដើម្បីធានាថាប្រជាពលរដ្ឋទូទៅ​ក្នុងក្រុងភ្នំពេញ និង​តាមតំបន់​ជនបទឲ្យ​មានការ
​យល់​ដឹងអំពីសេវាហិរញ្ញវត្ថុ និងមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុស្របច្បាប់ ទទួលបានការគាំពារកាន់តែប្រសើរ និងមានសមធម៌សង្គម។
៣៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកឲ្យខ្ចីចងការក្រៅប្រព័ន្ធ និងជនខិលខូច ដែលបាននិងកំពុងធ្វើប្រតិបត្តិការធនាគារ ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងធ្វើការឃោសនា បោកប្រាស់ប្រជាពលរដ្ឋ។

លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា ជាមួយសមិទ្ធផលសម្រេចបានខាងលើ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែបន្តជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន រួមមានដូចជា ផ្លូវថ្នល់, ស្ពាន, ផ្លូវលំជនបទ និងប្រព័ន្ធធារាសាស្រ្តជាដើម។ ជាពិសេសការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមឲ្យកាន់តែ ប្រសើរឡើងថែមទៀត៕