(កំពង់ធំ)៖ អគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមវត្ដមានលោក គឹម ទូច រដ្ឋលេខាធិការ ក្រសួងឧស្សហកម្មនិងសិប្បកម្ម តំណាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម និងសិប្បកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អាគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តកំពង់ធំ ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ប្រធានអង្គភាព មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ប្រមាណជាង៦០០នាក់ នាព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោក ប្លោក ចាន់រដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប ពីស្ថានភាពការសាងសង់អាគាររដ្ឋបាលថ្មី ត្រូវបានចុះហត្ថលេខាសាងសង់ នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដោយក្រុមហ៊ុនសំណង់បុរី កម្មករ ខូអិលធីឌី អស់ទឹកប្រាក់ ៣៩៨,១២៧,៥០០រៀល​ ស្មើនឹងជិត១០ម៉ឺនដុល្លារ។

លោក សុខ លូ បានលើកឡើងថា ផ្អែកលើកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ផ្តើមចេញពីសុខសន្តិភាពនេះ បានផ្តល់ឱកាសឲ្យប្រជាជនប្រកបមុខរបរក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ខ្លួន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាព កាន់តែធូរធារ និងសំបូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លើយតប និងបរិបទនេះ អាជ្ញាធរខេត្ត បានរួមសហការជាមួយអង្គភាពមន្ទីរជំនាញ និងពីគ្រប់អ្នកពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្មប្រកបដោយមនសិការ និងស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ លោក គឹម ទូច បានថ្លែងកោតសរសើរដល់លោក ប្លោក ច័ន្ទរដ្ឋា និងមន្ត្រីរាជការ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ដែលបាន ខិតខំអស់កម្លាំងកាយចិត្ត បំពេញការងារបានល្អ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់ប្រធានមន្ទីរ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ស្នាដៃថ្មីៗ បន្ថែមទៀត ក្នុងការងារគ្រប់គ្រង ដឹកនាំអង្គភាពដោយឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ខិតខំបម្រើសេវាសាធារណៈ នៅថ្នាក់មូលដ្ឋានឲ្យបានកាន់តែប្រសើរ និងបំពាក់បំប៉នចំណេះជំនាញបន្ថែម ដើម្បីត្រៀមទទួលយកការងារ តាមរយៈការ ធ្វើប្រតិភូកម្ម អំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។

ចំណុចនេះ លោកបានណែនាំជាថ្មីទៀត ឲ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ ក៏ដូចជាគ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ដទៃទៀត ពិនិត្យឲ្យអស់លទ្ធភាព ដើម្បីចុះដល់មូលដ្ឋានសហគ្រាសខ្នាតតូច និងមធ្យម ធ្វើការចុះបញ្ជីជូនពួកគាត់ ដើម្បីឲ្យមានការទទួលស្គាល់តាមផ្លូវច្បាប់ ងាយស្រួលគ្រប់គ្រង និងជួយគាំទ្រពួកគាត់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។

ក្នុងនោះដែរ គណៈអធិបតីបានប្រគល់ថវិកា ដល់អ្នកចូលរួម និងមន្ទីរមួយចំនួនផងដែរ។ ចុងបញ្ចប់គណៈអធិបតី បានបំពាក់គ្រឿងឥស្សរយយស ជូនដល់មន្ត្រីរាជការ ក្នុងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ដែលមានស្នាដៃចំនួន៩រូប និងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋថ្មីជាផ្លូវការ៕