(កំពង់ស្ពឺ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ គឺជាកម្លាំងស្នូលធំបំផុតសម្រាប់ការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

ការលើកឡើងជាថ្មីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅព្រឹកថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធអគារស្នាក់នៅ បញ្ចុះបឋមសិក្ខាសាលាសាងសង់អគារបាយរួម និងបិទវគ្គបណ្តុះបណ្តាលនាយទាហាន សកម្មជំនាន់ទី១៨ នៅសាលានាយទាហានសកម្ម «ត្មាតពង» ខេត្តកំពង់ស្ពឺ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងសំខាន់របស់ប្រទេសជាតិនីមួយៗ គឺស្ថិតនៅលើកងកម្លាំងប្រដាប់អាវុធជាពិសេសកងយោធពលខេមរភូមិន្ទនេះឯង។...ដែលជាកម្លាំងស្នូលសំខាន់បំផុតដើម្បី ពង្រីងសន្តិភាព សណ្តាប់ធ្នាប់ និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទោបាន លុះណាតែស្រុកយើងមានខិតខំរៀនសូត្រពោលពេញទៅដោយសមត្ថភាព»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សន្តិភាពគឺជាកត្តាធំបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិដូច្នេះកងទ័ពទាំងអស់ត្រូវតែរួមគ្នាថែរក្សា ការពារ នូវសុខសន្តិភាពដែលកំពុងមាន នាពេលបច្ចុប្បន្ននេះ។ ជាងនេះទៅទៀតសម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់កងទ័ពទាំងអស់ មិនត្រឹមតែយល់ដឹងអំពីវិជ្ជាជីវៈកងទ័ពប៉ុណ្ណោះនោះទេ ត្រូវតែនាំគ្នាស្វែងយល់អំពីច្បាប់ និងសង្គមបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណា ឲ្យធនធានមនុស្ស ក្នុងវិស័យការពារជាតិកាន់ តែមានប្រសើរបន្ថែមទៀតផងដែរ។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កងយោធពលខេមរភូមិន្ទស្តាប់រាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលជានិច្ច មិនថាពេលវេលាណានោះឡើយ។ សម្តេចបានអំពាវនាវ ដល់កងយោធពលខេមរភូមិន្ទ ត្រូវតែអនុវត្តន៍ឲ្យបានខ្ចាប់ខ្ជួននូវពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា «ងួតទឹក ឆ្លុះ កញ្ចក់ ដុះក្លែលនិងវះកាត់ផងដែរ» ដើម្បីធ្វើយ៉ាងណា ឲ្យកំណែរទម្រង់របស់ប្រមុខ រាជរដ្ឋាភិបាលអនុវត្តន៍ឲ្យបានជោគជ័យ។

សម្តេចពិជ័យសេនាទៀ បាញ់ក៏បានបញ្ជាក់ប្រាប់ដល់កងទ័ពទាំងអស់ថា នៅក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់បៀវត្តន៍ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដូចការសន្យាផងដែរ ហើយការដំឡើងនេះគឺជាការយកចិត្តទុកដាក់ធំបំផុតរបស់រាជរដ្ឋាភិបាល ក្នុងលើកកម្ពស់ជីវភាពរបស់កងកម្លាំងគ្រប់រូប ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេយ៉ាងដូច្នេះដែរ៕