(រតនគិរី)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ជិតចូលមកនាឆាប់ៗនេះ និងដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការ ជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រុងបានលុង ក្រុង បានលុង និងផ្សារកូនមុំ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារទាំងពីរនេះ គឺធ្វើតេស្តបឋម ទៅលើមុខម្ហូបមួយចំនួនដូចជា៖ មីលឿង សរសៃគុយទាវ បាញ់កាញ់ នំបញ្ចុក មឹក បង្គារស្រស់ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ម្ទេស តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ។ តែបានរកឃើញផលិតផលមួយចំនួន ដូចគុណភាព ដូចជា ទឹកក្រូចចំនួន២៨គីឡូក្រាម ទឹកខ្មេះ ៦គីឡូក្រាម ប្រេងឆា ចំនួន១គីឡូក្រាម នំ ម៉ាក yamama ចំនួន២គីឡូ ប័រ ចំនួន៥គីឡូក្រាម ក្រុមការងារបានធ្វើកំណត់ហេតុដកហូតទុកដុតកំទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងបិទផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល មកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

បើតាមមន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារខាងលើ របស់សាខាកាំកុង ត្រូល ខេត្តរតនគិរី គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់លាស់។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕