(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តតទ្រុងខុសបច្ចេកទេស នៅលើផ្លូវជាតិលេខ៤ នៅថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០១៨ បានចំនួន៨គ្រឿង ព្រមទាំងបានកាត់ចោលនៅកន្លែងឃាត់នោះតែម្តង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មការក្រុមការងារត្រួតពិតនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្ត បានឃាត់រថយន្តខុសបច្ចេកទេសចំនួ៨គ្រឿង និងបានកំពុងកាត់ចោលនៅនឹងកន្លែងតែម្ដង ដែលស្ថិតនៅលើផ្លូវជាតិលេខ៤។

លោកបានបន្តថា «រហូតមកដល់ពេលនេះលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តកំពង់ស្ពឺឲ្យតែមានរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស គឺក្រុមការងារនឹងបន្តអនុវត្តចាប់ឃាត់ និងកាត់ទ្រុងនៅនិងកន្លែងដោយមិនមានការលើកលែងនោះឡើយ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី»

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យយាន្តដ្ឋានជាច្រើនកន្លែង ស្ថិតក្នុងរដ្ឋាលខេត្ត០៨ក្រុង-ស្រុក លទ្ធផលបានរឹបអូសសម្ភារកែច្នៃជាក់ស្តែង និងណែនាំឲ្យម្ចាស់ផ្អាកសកម្មភាពបណ្តោះអាសន្ន និងតម្រូវចូលបំពេញបែបបទឲ្យត្រឹមត្រូវ តាមផ្លូវច្បាប់ចាប់ពីថ្ងៃទៅ រីឯរយន្តមួយចំនួនត្រូវបានឃាត់ទុកតែម្តង។ លោក វ៉ី សំណាង ដែលបានដឹកនាំបញ្ជាដោយផ្ទាល់បានឲ្យដឹងថា មកដល់ពេលនេះ មានរយន្តចំនួន៨គ្រឿង ហើយដែលត្រូវឃាត់ ចំពោះយានដ្ឋានវិញ គឺជំនាញកំពុងចាត់វិធានការអប់រំ និងណែនាំឲ្យធ្វើច្បាប់អនុញ្ញាតឲ្យស្របច្បាប់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។

សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕