(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងប្រតិកម្មយ៉ាងដាច់អហង្ការ ទៅកាន់ព័ត៌មានអាស៊ីសេរីតាមអនឡាញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានចេញព័ត៌មានបែបកេងយកចំណេញនយោបាយខុសពីការពិត ដោយបានផ្សាយថា ការដែលលោក អ៉ីស្មាអែល ពិនឧស្មាន ត្រូវបាននគរបាលនៃក្រសួងមហាផ្ទៃឃាត់ខ្លួន គឺជារឿងដែលពាក់ព័ន្ធនឹងនយោបាយ ដោយផ្អែកទៅលើការអះអាងដោយអគតិរបស់ អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រ ខេត្តកំពង់ចាម ហើយលោកចាត់ទុកថា ព័ត៌មានមួយនេះចុះផ្សាយក្នុងចេតនាបង្កបរិយាកាសមិនល្អ ហើយមិនមែនជាសារព័ត៌មានដែលឈរលើវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ និងអព្យាក្រឹត្សនោះទេ។

លោក អូស្មាន ហាស្សាន់ ក្នុងនាមសមាជិករាជរដ្ឋាភិបាលបានអះអាងថា តាមពិតលោក អ៉ីស្មាអែល ពិនឧស្មាន ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួន គឺមិនមែនពាក់ព័ន្ធនឹងរឿងនយោបាយសូម្បីតែបន្តិចណាឡើយ ផ្ទុយទៅវិញវាជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់របស់កម្លាំងសមត្ថកិច្ច ខណៈដែលជនសង្ស័យរូបនេះ មានការពាក់ព័ន្ធនឹងករណីបញ្ជូនពលករខុសច្បាប់ទៅបម្រើការងារនៅប្រទេស អារ៉ាប៊ីសាអូឌីត ការជួញដូរមនុស្ស និងករណីរំលោភបំពានកម្លាំងពលកម្មលើស្រ្តី និងអនីតិជនផងដែរ។

ការប្រតិកម្មរបស់ លោក អូស្មាន ហាស្សាន់ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីព័ត៌មានអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិត
បែបកេងចំណេញនយោបាយ ដោយដកស្រង់សំដីរបស់អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ លោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ដែលបានផ្តល់បទសម្ភាសន៍ ជាមួយអាស៊ីសេរីថា រឿងឃាត់ខ្លួនជនសង្ស័យខាងលើជារឿងនយោបាយ ហើយក៏បានបញ្ជាក់ដោយសម្លេងថា «បាទអាហ្នឹងតាមអ្វីដែលគាត់ធ្លាប់បញ្ជាក់ប្រាប់ខ្ញុំថា (គាត់មានគេបញ្ចុះបញ្ចូលគាត់នៅឯទីលំនៅរបស់គាត់ មានការបញ្ចុះបញ្ចូលតែគាត់មិនចុះចូល ដោយសារគាត់យល់ថា គាត់មិនអាចធ្វើអ្វីដែលគាត់អាចក្បត់ឆន្ទៈរាស្ត្រអញ្ចឹងគាត់អត់ចូល) ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញទៅ ហើយឥឡូវថ្ងៃនេះក៏លឺដំណឹងថាមានការចាប់ខ្លួន»។

សូមជំរាបថា ការឃាត់ខ្លួនជនសង្ស័យ អ៉ីស្មាអែល ពិនឧស្មាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យណ្តឹងរបស់ពលការិនីរងគ្រោះ២រូប គឺទី១ កញ្ញា ម៉ាត់ សាណាស់ ហៅ រ៉ទស់(អនីតិជន) ត្រូវបានសង្គ្រោះឲ្យមកដល់កម្ពុជាវិញកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈស្រ្តីរងគ្រោះទី២ ឈ្មោះ អេង ពៅ ត្រូវបានសង្គ្រោះឲ្យមកដល់កម្ពុជាវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់ខ្លួនបាត់ដំណឹងរយៈពេលពី ១២-១៣ឆ្នាំ ដែលអ្នកទាំង២ត្រូវបានក្រុមហ៊ុន Accept Group របស់ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវជាឳពុកមារបង្កើតរបស់ជនសង្ស័យ បានបញ្ជូនជនរងគ្រោះខាងលើទៅធ្វើជាស្រ្តី បម្រើការងារផ្ទះដោយខុសច្បាប់ នៅប្រទេស អារ៉ាប៊ីសាអូឌីត និងត្រូវបានឈ្មួញម្ចាស់ផ្ទះលក់ជាបន្តបន្ទាប់ដោយដោយកេងប្រវ័ញ្ញកម្លាំងពលកម្ម មិនផ្តល់ប្រាក់បៀវត្សក្នុងរយៈពេលជាង១៣ឆ្នាំនេះ។

នគរបាលសមត្ថកិច្ចបានឲ្យដឹងដែរថា តាមចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ អ៉ីស្មាអែល ពិនឧស្ម័ន គឺរឿងទាំងអស់មានការទាក់ទងទាំងស្រុងជាមួយនឹង លោក អះម៉ាត់ យ៉ះយ៉ា ជាម្ចាស់ក្រុមហ៊ុន ដែលពេលនេះសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួន ជាមួយនឹងបក្សពួកដទៃទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕