(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងរបង ខ្លោងទ្វារ និងសមិទ្ធផល នៅវត្តវេឡុវនារាម ហៅវត្តប្រធាតុ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តត្បូងឃ្មុំ ប្រតិភូក្រសួងដែនដី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ជា សុផារ៉ា ថ្លែងថា ប្រជាពលរដ្ឋខ្មែរ និងឥស្លាម អ្នកមានជំនឿ ព្រះពុទ្ធសាសនា និងឥស្លាមសាសនា គឺថាអ្នកណាជួយយើង ធ្វើល្អចំពោះ ច្បាស់ណាគឺយើងជួយត្រឡប់វិញ រីឯគណបក្សប្រជាជន ជួយប្រជាជន គិតផលប្រយោជន៍ប្រជាជនរួមជាតិជាធំ រួមសុខរួមទុក្ខជាមួយប្រជាជន ដូចនេះ ប្រជាជនបោះឆ្នោតជូនគណបក្សប្រជាជន នេះគឺជាសច្ចៈភាពរបស់ពលរដ្ឋ ក្រោយគណបក្សប្រជាជន នាំយកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេស ដោយមិនអាចមាននរណាម្នាក់ រឺក្រុមជនអគិណានោះ មកបំវែ បំភាន់ កាលៃ បំភ្លៃបានឡើយ ។

លោក ជា សុផារ៉ា ក៏បានរំលឹកជំរាបជូននូវលោកតាលោកយាយ ប្រជាពលរដ្ឋទាំងអស់ នូវប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានក្នុងការចង់ចាំរបស់ពលរដ្ឋគ្រប់រូប នូវសង្គ្រាមនិរាសព្រាត់ប្រាស់ ដ៍សែនខ្លោចផ្សារ ដោយតំបន់ទីវត្តអារាមនេះ ពិសេសក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំនេះ ជាតំបន់សង្គ្រាមដ៏ក្តៅ «កន្លែងនេះ អ្នកណាក៍ស្គាល់ ម៉ាស្រុកខ្មែរ គឺថាល្បីណាស់ ល្បីពីទុក្ខលំបាកវេទនា វិនាសហិនហោចរងគ្រោះ ដោយសារសង្គ្រាម ជាក់ស្តែងកាលពីលោកនៅអាយុប្រហែល១៦ឆ្នាំ កន្លែងនេះគេទំលាក់គ្រាប់បេ តែលឺរហូតដល់ផ្ទះរបស់លោក នៅឯឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ទាំងលោកផ្ទាល់ និងប្រជាពលរដ្ឋភ័យខ្លាចញ័រអស់ហើយ និងស្អប់សង្គ្រាមបំផុត។ ទាំងនេះហើយ អ្វីដែលជាកំហុសឆ្គង នៅក្នុងប្រវត្តិសាស្ត្រ មេរៀនដកពិសោធន៍ ការឈឺចាប់វិនាសអន្តរាយ ប៉ុន្តែរហូតបានទេវតាបានមកជូយ ទើបយើងទាំងអស់គ្នាអាចនៅសេសសល់ជីវិត នេះគឺជាប្រការចាំបាច់ណាស់ ដែលបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ចង់ចាំ មិនអាចបំភ្លេចបាន ។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជន ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជា សាសនាតែមួយគត់ គឺព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បើតាមរបាយការណ៍របស់លោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា របងប្រវែង៩០០ម៉ែត្រ, ខ្លោងទ្វារធំចូលវត្ត៤, កុដិថ្ម និងសមិទ្ធិផលផ្សេងៗទៀត ចំណាយថវិការអស់ចំនួន ដប់ប្រាំម៉ឺនពីរពាន់មួយរយ ដុល្លារ(១៥២.១០០ដុល្លារ) ដែលជាសមិទ្ធិលថ្មីបន្ថែមលើ សមិទ្ធលជាច្រើនទៀត កសាងបានកន្លងមក ទុកជាទីសក្ការៈ នៃពុទ្ធសាសនានិក សម្រាប់គោរពប្រតិបត្តិ វិស័យព្រះពុទ្ធសាសនា ក្នុងទីវត្តអារាមមួយនេះ ៕