(កំពង់ធំ)៖ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបរបនានារបស់បងប្អូន ប្រជាពលរដ្ឋខ្មែររស់នៅក្នុង ភូមិតាព្រាច ឃុំ​ទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តកំពង់ធំ បានប្រកាស​សាងសង់​ផ្លូវ១ខ្សែ​ជូនដល់ប្រជាពលរដ្ឋ។

ការប្រកាសផ្ដល់ផ្លូវលំ១ខ្សែជូនពលរដ្ឋនេះ ធ្វើឡើង​ក្នុងឱកាស​ដែលលោកជំទាវ​បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ២០០គ្រួសារក្នុងភូមិនេះ ដើម្បីពាំនាំនូវការសួរសុខទុក្ខ និងផ្ដល់ជាអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាខ្វះខាត នាព្រឹកថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកស្រី ខៀវ ស៊ីណា បានឲ្យដឹងថា ខ្លួនពិតជាមានមោទនៈភាពបំផុត នៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មានជីវភាពធូធារគ្រាន់​បើជាងពីមុន និងរីករាយបំផុតជាមួយ នឹងការរីចម្រើនស្ទើគ្រប់វិស័យ ហើយបើប្រៀបធៀបនឹង​រយៈពេលមុនគឺមានភាពខុស​គ្នាឆ្ងាយណាស់ ដូចជា ប្រព័ន្ធ​អគ្គិសនី លំនៅដ្ឋាន ផ្លូវថ្នល់ជាដើម។ ភាពរីកចម្រើននេះបានសបញ្ជាក់​​ពីការរីកចម្រើន​ និងឆ្ពោះទៅមុខ​ប្រកបដោយក្ដីសង្ឃឹម ក្រោម​នយោ​បាយ​ដឹកនាំ​ដ៏ត្រឹមត្រូវ ឈ្លាសវៃ និងមេត្តាធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុង​ការខិតខំប្រឹងប្រែង និងតស៊ូលះបង់គ្រប់​បែប​យ៉ាងដើម្បីសុខសន្ដិភាព និងភាពរីកចម្រើននៃប្រទេសជាតិ។

លោកស្រីបន្ដទៀតថា ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាលមានការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏​លោកស្រីនៅតែបន្ដអំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ឡើង​ទ្វេដងទៀត ដើម្បីទួលបានការអភិវឌ្ឍថ្មីៗបន្ថែម សម្រាប់មុខមាត់មូលដ្ឋាននិងអនាគតកូនចៅ ជំនាន់ក្រោយៗ។

លោកស្រី ដើម្បីបន្ដសុខសន្ដិភាព និងភាពរីកចម្រើន លុះត្រាណាតែបងប្អូនប្រជាពលរដ្ឋ មានភាពប្រាកដប្រជា និងមានការជឿជាក់មកលើការដឹកនាំ
របស់រាជរដ្ឋាភិបាលនៃកម្ពុជា ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការរីកចម្រើនស្ទើគ្រប់វិស័យដូចបច្ចុប្បន្ន៕