(ឧត្តរមានជ័យ)៖ អ្វីដែលខំប្រឹងប្រែងរកស៊ីរាប់សិបឆ្នាំ ដើម្បីផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ ត្រូវអគ្គិភ័យដ៏កំណាចបំផ្លាញត្រឹមតែមួយពព្រិចភ្នែក ធ្វើឲ្យអាជីវករម្នាក់លក់ដូរ នៅផ្សារត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងជួបគ្រោះលំបាកយ៉ាងខ្លាំង ក្រោយផ្ទះរបស់ខ្លួនត្រូវបានបំផ្លាញដោយគ្រោះអគ្គិភ័យ។

គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ប៉ុន្ដែក្រុមគ្រួសាររងគ្រោះកំពុងតែដាក់ការសង្ស័យថា ភ្លើងឆេះអាចមានគេលួចដុត និងកំពុងទទូចឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់។

ជនរងគ្រោះឈ្មោះ ណោ សុខឃីម និងប្រពន្ធឈ្មោះ ណុប ឆៃលីម បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុគាត់មិនបាននៅផ្ទះនោះទេ ប៉ុន្ដែនៅចន្លះម៉ោង០៤៖៣០នាទីរសៀល កូនប្រុសរបស់គាត់បានយកសម្ភារៈពីផ្សារមកទុកនៅផ្ទះ ក្រោយមកកូនរបស់គាត់បានត្រឡប់ទៅផ្សារវិញ ស្រាប់តែប្រមាណ៣០នាទីក្រោយមក មានគេរត់មកប្រាប់ថា ផ្ទះរបស់គាត់កំពុងតែត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

ក្រោយទទួលដំណឹងនេះភ្លាមៗ កូនរបស់គាត់ រួមទាំងរូបគាត់ផ្ទាល់ បានរត់មកផ្ទះ ប៉ុន្ដែការរត់មកផ្ទះនេះ មិនអាចជួយអ្វីបាននោះទេ ព្រោះថាអគ្គិភ័យដ៏កំណាចនោះ កំពុងគ្របដណ្ដប់ ផ្ទះរបស់គាត់បាត់ទៅហើយ មិនអាចស្រោចស្រង់បាននោះទេ។ ដោយឡែកប្រពន្ធរបស់គាត់ គ្រាន់តែឃើញស្ថានភាពនេះភ្លាម ក៏សន្លប់បាត់បង់ស្មារតី ហើយត្រូវបានបញ្ជូនទៅសង្គ្រោះផងដែរ។

យ៉ាងណាមិញសម្រាប់គ្រោះអគ្គិភ័យខាងលើនេះ ជនរងគ្រោះកំពុងតែដាក់ការសង្ស័យថា អាចបណ្ដាលមកពីមានអ្នកលួចដុតបំផ្លាញ​ ប៉ុន្ដែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថាយ៉ាងណានោះទេ ព្រោះពេលនេះកំពុងធ្វើការស្រាវជ្រាវបន្ដ។

ក្រោយជួបគ្រោះថ្នាក់មួយនេះ ក្រុមគ្រួសារជនរងគ្រោះខាងលើ កំពុងរងការលំបាក និងជួបការខ្វះខាតផងដែរ ព្រោះសម្ភារ និងថវិកាដែលខិតខំរក ដោយកម្លាំងញើសឈាម ត្រូវបានបំផ្លាញគ្មានសល់ត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ ហើយជនរងគ្រោះកំពុងអំពាវនាវរកជំនួយសប្បុរស ពីថ្នាក់ដឹកនាំផងដែរ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ។

សម្រាប់សប្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំ ដែលមានបំណងចង់ជួយដល់ក្រុមគ្រួសារខាងលើនេះ សូមទាក់ទងទៅសាច់ញាតិតាមទូរស័ព្ទលេខ 077 500 055, 096​2 955 550 , 0968 755 550៕​