(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនៅមុន១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលកិច្ចប្រជុំបានរៀបចំឡើងនៅថ្ងៃទី០៩ ខែកុម្ភៈម្សិលមិញ ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលចំនួន១៣ គណបក្សនយោបាយចំនួន៤ តំណាងស្ថានទូតជប៉ុន ជំនាញការអង្គការ JICA ជំនាញការ KOICA និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន ចំពោះពាក្យបណ្ដឹងទាក់ទងនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត លោក មាន សទិ បានបញ្ជាក់ថា មាន២ដំណាក់កាល គឺមុនពេលបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន និងបណ្ដឹងលើលទ្ធផលបណ្ដោះអាសន្ន។

សូមជម្រាបថា ក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គណបក្សនយោបាយអាចហែក្បួន ឬក្បូនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតយ៉ាងច្រើន២ដង (ការហែក្បួនធំ) ក្នុងមណ្ឌលភូមិភាគដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយក្រៅពីសកម្មភាពនេះ គណបក្សនយោបាយអាចធ្វើការឃោសនាជាទ្រង់ទ្រាយតូចៗបានជាងរៀងរាល់ថ្ងៃ៕