(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាល ទី៤ ឆ្នាំ២០១៨ និងការពារពិធីបុណ្យ ចូលឆ្នាំចិន-វៀតណាម ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសផ្សព្វផ្សាយផែនការនេះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ណែនាំដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ អនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំ ការបោះឆ្នោត ធ្វើយ៉ាងណារក្សាសន្តិសុខសណ្តាប់ធ្នាប់ ដល់កិច្ចដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ ឆ្នាំ២០១៨នេះ ឲ្យប្រព្រឹត្តទៅប្រកបភាពរលូន ការពារដាច់ខាត មិនឲ្យ ក្រុមប្រឆាំងរួមជាមួយសម្ព័ន្ធមិត្ត របស់ ពួកគេទាំងក្នុងនិងក្រៅប្រទេស ធ្វើកាបំផ្លិចបំផ្លាញដំណើរការបោះឆ្នោត តាមគ្រប់រូបភាព សំដៅបង្កភាពច្របូកច្របល់ ក្នុងសង្គម ដើម្បីទម្លាក់កំហុសលើការ ដឹកនាំរបស់រាជរដ្ឋាភិបាល។

ព្រមជាមួយគ្នាផងដែរ ក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាពនិងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋឲ្យបានហ្មត់ចត់បំផុត ត្រូវឧស្សាហ៍ល្បាតយាមកាម ទាំងយប់ទាំងថ្ងៃ ការពារផ្ទះសម្បែងប្រជាពលរដ្ឋដែលទុកចោល ពេលម្ចាស់ត្រូវចេញទៅស្រុកកំណើតឬដើរកម្សាន្តតាមបណ្តាខេត្តផ្សេងៗ កុំឲ្យក្រុម ឆ្លៀតឱកាសគាស់ផ្ទះពួកគាត់លួចទ្រព្យសម្បត្តិ និងត្រូវទប់ស្កាត់ការដុតផាវបង្កសម្លេងផ្ទុះផ្សេងៗ តាមការកំណត់របស់ រដ្ឋបាលសាលារាជធានីភ្នំពេញ។

ជាពិសេសភារៈកិច្ចសំខាន់ថ្មីមួយនៅចំពោះមុខ គឺត្រូវចូលរួមសហការឲ្យបានខ្លាំងក្លា ជាមួយអាជ្ញាធរនិងកម្លាំងចម្រុះផ្សេងៗ អនុវត្តឲ្យ បានដាច់ខាតនូវបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការចុះត្រួតពិនិត្យនិងបង្ក្រាប ចំពោះរថយន្តតទ្រុង (កាត់ត កែច្នៃ) ទាំងអស់ឲ្យខាងតែបាន។

បន្ថែមពីលើនេះទៀត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្ត ទុកដាក់ប្រកាន់ខ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ គោពច្បាប់ គោរពសិទ្ធមនុស្ស បម្រើប្រជាពលរដ្ឋដោយស្មោះឲ្យអស់ពីកម្លាំង កាយចិត្ត និងត្រូវចូលរួម ក្នុងកិច្ចការសង្គម ជួយសម្រួលចរាចរណ៍ ជូនកុមារតូចៗឆ្លងផ្លូវទាំងចូលនិងចេញពីសាលារៀន ចូលរួមធ្វើ អនាម័យបរិស្ថាន សម្អាតជុំវិញកន្លែងរស់នៅ កន្លែងធ្វើការ និងជុំវិញកន្លែងគោលដៅដែលខ្លួនឈរជើង បំពេញបេសកកម្ម។ ក្រៅពីនេះត្រូវចូលរួមគោរពច្បាប់ចរាចរគ្រប់គ្នា ឲ្យបានម៉ឹងម៉ាត់បំផុត។

ជាចុងក្រោយឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ កុំភ្លេចថែរក្សារនិងពិនិត្យ សុខភាពខ្លួនក៏ដូចជាក្រុមគ្រួសារឲ្យបានទៀងទាត់ បើមានឈឺស្កាត់តិចឬច្រើន ត្រូវឆាប់ប្រញាប់ទៅព្យាបាល កុំបណ្តែតបណ្តោយ រហូតធ្វើឲ្យជំងឺក្លាយជាធ្ងន់ធ្ងរទើបទៅរកពេទ្យព្រោះអាចបណ្តាលឲ្យហួសពេល៕