(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានចាប់ដំណើរការហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺបានធ្វើទៅតាមកាលបរិច្ឆេទដែលបានកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

ក្នុងនោះ រាជធានីភ្នំពេញក៏បានចាប់ផ្តើមបើកយុទ្ធនាការឃោសនា គ្រប់ខណ្ឌទាំង១២ ដោយប្រមូលផ្តុំសមាជិកសមាជិកា អង្គបោះឆ្នោតតាមទីតាំងដែលបានកំណត់ ដោយប្រមូលផ្តុំ២ខណ្ឌសំរាប់១គោលដៅ។ ប៉ុន្តែមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈនោះទេ។

ដោយឡែក នៅខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ បានរៀបចំពិធីឃោសនាដោយមានការចូលរួមពីលោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានការងារជួយខណ្ឌសែនសុខ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយ ខណ្ឌព្រែកព្នៅ រួមជាមួយក្រុម ការងារថ្នាក់កណ្តាល ចុះជួយរាជធានី ខណ្ឌ សង្កាត់ បេក្ខជនសមាជិកព្រឹទ្ធសភា, សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនរាជធានីភ្នំពេញ។

នេះជាការការជួបជុំសមាជិកសមាជិកាអង្គបោះឆ្នោត មានក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង តំណាងរាស្ត្រ ក្នុងតំណែងដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃ(ស) ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត។

បើតាមការបែងចែករបស់ គ.ជ.ប មាន៨ភូមិភាគ រាជធានីខេត្ត ក្នុងនោះរាជធានីភ្នំពេញស្ថិតក្នុងភូមិភាគទី១ មានចំនួន៦អាសន៖ បេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ៦រូប និងបំរុង៦រូប។

សំរាប់លេខរៀងគណបក្សនយោបាយ ដែលបោះពុម្ពនៅលើសន្លឹកឆ្នោតដែលចូលរួមបោះឆ្នោត អសាកលនេះមាន៤គណបក្សគឺ៖ លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជាលេខរៀងទី២, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៣ និងគណបក្សហ៊្វុនសិនបិច លេខរៀងទី៤។

ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាទីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេសចំនួន៣៣ការិយាល័យ។ ចំណែកអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងចំនួន១១.៦៩៥នាក់។ តំណាងរាស្ត្រក្នុងតំណែងចំនួន១២៣រូប៕