(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានបើកប្រតិបត្តិការបញ្ជាឲ្យអាជ្ញាធរ និងមន្រ្តីស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេស ចាប់តាំងពីវេលាម៉ោង០០ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយឃាត់រថយន្តតទ្រុងខុសបច្ចេកទេសចំនួន១៥គ្រឿង និងបានកាត់ចោលនៅកន្លែងចាប់នោះតែម្តង។

លោក ឃឹម ប៊ុនសុង បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា ក្រុមការងារត្រួតពិនិត្យរថយន្តខុសបច្ចេកទេស មានការចូលរួមពីមន្ទីរសាធារណការខេត្ត សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរស្រុក បានអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០នាទី មកដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ យើងបានឃាត់រថយន្តខុសបច្ចេកទេសចំនួន១២គ្រឿង និងបានកាត់ចោលនៅនឹងកន្លែងតែម្តង ​ស្រុកក្រឡាញ់​ទាំង១៥​គ្រឿង។

បើតាមអភិបាលខេត្តសៀមរាប សម្រាប់ការងារនេះនឹងបន្តធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំផ្លាញផ្លូវ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។

សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕