(ភ្នំពេញ)៖ ស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាននឹងកំពុងដំណើរគម្រោងអភិវឌ្ឍន៍បាល់ទាត់គ្រប់កម្រិត ពិសេសគម្រោងសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុង ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានកោតសរសើរគម្រោងនេះ ហើយរំពឹងថា រយៈពេល ៥ឆ្នាំទៅមុខ វិស័យបាល់ទាត់កម្ពុជា នឹងមានការរីកចម្រើនខ្លាំង ដែលអាចបង្ហាញពីភាពស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ។

ការលើកឡើងបែបនេះ គឺក្រោយកិច្ចប្រជុំកំពូលគណៈកម្មាធិការប្រតិបត្តិរបស់ FIFA (FIFA Executive Football Summit 2018) នៅសណ្ឋាគារសូហ្វីតែលកាលពីល្ងាចមិញ។ លោក Gianni Infantino និយាយថា «គម្រោងសាលាបាល់ទាត់ ២៥ខេត្ត-ក្រុងរបស់ FFC គឺជាទស្សនៈដ៏ត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់ FIFA ដែលកំពុងជំរុញឲ្យមានការប្រកួតប្រជែងកម្រិតយុវជនកាន់តែច្រើន ពិសេសគឺការចូលរួមពីបណ្ដាក្រុមអាស៊ី»

លោកបន្ដថា កម្ពុជាធ្វើពេលនេះ គឺកំពុងសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា បាល់ទាត់គឺជាចំណុចខ្លាំងមួយនៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន។ ដូច្នេះថវិកាគម្រោងអភិវឌ្ឍន៍បាល់ទាត់របស់ FIFA ដែលផ្ដល់ឲ្យបណ្ដាប្រទេសជាសមាជិកចំនួន ២១១ប្រទេស ក្នុងនោះក៏មានកម្ពុជាដែរចំនួន ១លាន ២៥ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ នឹងជួយដល់គម្រោងសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុមរបស់ FFC ឲ្យទទួលបានផ្លែផ្កាជាក់ជាមិនខាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 ដែលរៀបចំលើទឹកដីកម្ពុជាលើកដំបូងខាងលើ គឺមានប្រទេសជាសមាជិក FIFA ចំនួន ១៨ប្រទេសមកពី ៣ទ្វីបចូលរួម ដើម្បីជជែកពីប្រធានបទសំខាន់មួយចំនួន ដូចជាការប្រកួតបាល់ទាត់យុវជននាពេលអនាគតរបស់ FIFA, បាល់ទាត់នារី និងគម្រោងបង្កើតលីគបាល់ទាត់នារីជាលក្ខណៈអន្ដរជាតិ, គម្រោងអភិវឌ្ឍន៍បាល់ទាត់របស់ FIFA ទៅថ្ងៃអនាគត ដែល FIFA ត្រៀមទុនអភិវឌ្ឍន៍ ១.៤កោដដុល្លារទូទាំងពិភពលោក និងការផ្លាស់ប្ដូរបទពិសោធន៍រវាងសមាជិក FIFA ក៏ដូចជាការផ្ទេរកីឡាករជាដើម៕